រដ្ឋមន្ត្រីទេសចរណ៍៖ ព្រឹត្តការណ៍ទេសចរណ៍វាយកូនគោលអាស៊ីលើកទី៨ នៅសៀមរាប-អង្គរ ជាការផ្សព្វផ្សាយទេសចរណ៍មួយដ៏ធំ

(សៀមរាប)៖ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍ទេសចរណ៍កីឡាវាយកូនគោលអាស៊ីលើកទី៨ (8th Asia Golf Tourism Convention – AGTC) ដែលនឹងធ្វើឡើងនៅសៀមរាប-អង្គរនាពេលនេះ គឺជាព្រឹត្តិការណ៍ដែលនឹងចូលរួមផ្សព្វផ្សាយពីវិស័យកីឡាទេសចរណ៍នៅកម្ពុជា ទៅកាន់ពិភពលោកឲ្យកាន់តែល្បីសុះសាយថែមទៀត។

ក្នុងពិធីលៀងសាយភោជន៍នៅសណ្ឋាគារសុខាអង្គរ នារាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ដើម្បីស្វាគមន៍កីឡាករ ភ្ញៀវទេសចរអន្តរជាតិលំដាប់សេដ្ឋី-មហាសេដ្ឋី និងអ្នកវិនិយោគធំៗលើវិស័យទេសចរណ៍ ៥៦២នាក់ មកពី៤៥ប្រទេស លោក ថោង ខុន បានលើកឡើងថា កម្ពុជាពិតជាមានកិត្តិយសណាស់ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ «ទេសចរណ៍កីឡាវាយកូនគោលអាស៊ី» លើកដំបូងនេះ ខណៈដែលកម្ពុជាកំពុងមានសុខសន្តិភាពពេញលេញ និងមានកន្លែងទេសចរណ៍ដ៏ពិសិដ្ឋ គឺតំបន់សៀមរាប-អង្គរ។

ភ្ញៀវអន្តរជាតិដែលបានចូលរួមលើកទី១នេះ មានការភ្ញាក់ផ្អើលនិងកោតសរសើរយ៉ាងខ្លាំងចំពោះកម្ពុជា ដែលមានសុខសន្តិភាព មានការអភិវឌ្ឍ ពិសេសមានទីលានវាយកូនគោលលំដាប់អន្តរជាតិធំៗ ហើយនៅចំគោលដៅទេសចរណ៍ដ៏ល្បីល្បាញដែលចំណុចពិសេសនេះ នឹងជំរុញវិស័យទេសចរណ៍កីឡាវាយកូនគោលមកកាន់កម្ពុជាបន្ថែមទៀត។

លោករដ្ឋមន្ត្រីបានបន្តថា ព្រឹត្តិការណ៍ទេសចរណ៍កីឡាវាយកូនគោលអាស៊ីលើកទី៨នេះ នឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩។ ដោយឡែកកីឡាវាយកូនគោលនឹងធ្វើឡើងចាប់ពីថ្ងៃទី៣-៥ ខែមេសា នៅទីលានវាយកូនគោលនៃសណ្ឋាគារសូហ្វីតែលភូកេត្រា និងសណ្ឋាគារអង្គររីសូត។

លោកបានបន្តថា ព្រឹត្តិការណ៍ទេសចរណ៍កីឡាវាយកូនគោលនេះ មានរួមពិធីជួបជុំដ៏ធំមួយរវាងអ្នកលក់ និងអ្នកទិញប្រមាណជាង ៤០០នាក់ ដើម្បីពិភាក្សាគ្នាលើការទិញ-លក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ជូនភ្ញៀងទេសចរ ពីព្រោះពួកគេភាគច្រើនជាក្រុមហ៊ុននាំភ្ញៀវទេសចរដើរទស្សនាផង និងលេងកីឡាផង ពិសេសកីឡាវាយកូនគោលនេះតែម្ដង។

លោក ថោង ខុន បានបន្តទៀតថា ការរៀបចំព្រឹត្តិការណ៍កីឡានេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងខិតខំជំរុញវិស័យទេសចរណ៍កីឡាវាយកូលគោលនេះ ឱ្យរីកដុះដាលឡើង ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជាផង និងដើម្បីត្រៀមខ្លួនក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះ។

លោក Peter Walton អគ្គនាយកអង្គការទេសចរណ៍វាយកូនគោលអន្តរជាតិ (Chief Executive of the Global Golf Tourism Organisation) បានឱ្យដឹងថា ព្រឹត្តិការណ៍ទេសចរណ៍កីឡាវាយកូនគោលអាសុីនេះ តែងធ្វើឡើងនៅតាមប្រទេសនានាជារៀងរាល់ឆ្នាំបាន៧ដងរួចមកហើយ ដូចជានៅប្រទេសថៃ ម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន ហើយនៅឆ្នាំ២០១៩នេះ ជាលើកទី៨ ដែលអង្គការលោកបានជ្រើសរើសយកខេត្តសៀមរាបអង្គរ ប្រទេសកម្ពុជា ហើយដែលមាន៤៥ប្រទេស ចូលរួមក្នុងព្រឹត្តិការណ៍នេះ។

នេះជាលើកទី១ហើយសម្រាប់កម្ពុជា លោកប្រាប់ពីមូលហេតុថា ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ មានទីលានវាយកូនគោលលំដាប់បទដ្ឋានអន្តរជាតិ មានតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅទូទាំងពិភពលោក ពិសេសប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញទើបភ្ញៀវទេសចរ និងអ្នកវិនិយោគធំៗលើវិស័យទេសចរណ៍កីឡាវាយកូនគោល ពេញចិត្តក្នុងការមកទស្សនា និងមកចូលរួមក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំនេះ។

លោក Peter បានបន្តថា អ្នកចូលរួមទាំង៥៦២នាក់នោះ មានមកពីតំបន់អាស៊ាន តំបន់អឺរ៉ុប ប្រទេសចិន ហុងកុង ជប៉ុន កូរ៉េខាងត្បូង តំបន់មជ្ឈិបូព៌ា អាហ្វ្រិកខាងត្បូង ឥណ្ឌា ទ្វីបអាមេរិកខាងជើង និងមកពីប្រទេសអូស្ត្រាលី។

អគ្គនាយករូបនេះបានបន្ថែមថា អ្នកចូលរួមទាំងនោះមិនត្រឹមតែមកលេងកីឡាវាយកូនគោលប៉ុណ្ណោះទេ តែថែមទាំងបានចូលទស្សនានៅតាមប្រាសាទ និងរមណីយដ្ឋានទេសចរណ៍នានានៅកម្ពុជា ពិសេសគឺប្រាសាទអង្គរវត្ត ហើយនឹងបានភ្លក្សម្ហូបអាហារខ្មែរដែលមានរសជាតិឆ្ងាញ់ពិសា បានមើលឃើញដោយផ្ទាល់នូវស្នាមញញឹមពីធម្មជាតិ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា៕