នៅវិទ្យាល័យស្វាយរៀង មានរៀបចំសង្ក្រាន្តវិទ្យាល័យ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ

ស្វាយរៀង : ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនិងឈានចូលមកដល់ពេលខាងមុខនេះ នៅវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ មានរៀបចំកម្មវិធីសង្ក្រាន្តវិទ្យាល័យ ឬបុណ្យវិទ្យាល័យស្វាយរៀងដែលផ្តួចផ្តើមឡើងដោយលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមានការឧបត្ថម្ភគាំទ្រពីសមាគមន៍អតីតសិស្សវិទ្យាល័យស្វាយរៀង ។

នេះជាលើកទី២ហើយដែលវិទ្យាល័យស្វាយរៀង បានរៀបចំនូវពិធីនេះឡើងដើម្បីអបអរសាទរពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង និងបង្កអោយមានភាពសប្បាយជូនដល់សិស្សានុសិស្សក៏ដូចជាស្មារតីសាមគ្គីភាពក្នុងការរៀបចំនូវស្តង់ពិពណ៌ផ្សេងៗរបៀបជាខ្មែរបុរាណ ហើយឆ្នាំនេះមានការរៀបចំធំដុំជាងឆ្នាំមុនដែលមានអ្នកចូលរួមសរុបចំនួនប្រមាណ៣១០៥នាក់ ក្នុងនោះក៏សង្កេតឃើញមានវត្តមានចូលរួមពីសំណាក់លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត លោកនាយក លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យបងប្អូនប្រជាពលរដ្ឋ និងអតីតសិស្សនៃវិទ្យាល័យស្វាយរៀង ប្រកបដោយស្មារតីសាមគ្គីភាព។

ពិធីនេះក៏មានការតាំងពិពណ៌នូវសិល្បៈវប្បធម៌របៀបប្រពៃណីខ្មែរ និងល្បែងប្រជាប្រិយជាច្រើនមុខដែលមានការគាំទ្របច្ចេកទេសបង្រៀនរបាំពីខាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ក្នុងគោលបំណងចង់អោយសិស្សានុសិស្ស ចេះគោរពស្រលាញ់គ្នាសាមគ្គីភាពផ្ទៃក្នុង ធ្វើអំពើល្អ កុំប្រព្រឹត្តល្បែងពាលាអាវ៉ាសែ ហើយត្រូវជៀសវាងអោយឆ្ងាយពីគ្រឿងញៀនដែលសង្គមស្អប់ខ្ពើម៕