អាជ្ញាធរ​អំពាវនាវ​ ឲ្យ​ទៅ​លេង​សមុទ្រ​ក្នុង​ឱកាស​ចូល​ឆ្នាំ

ព្រះសីហនុៈ អាជ្ញាធរខេត្ត​ព្រះសីហនុ​បាន​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ទៅ​លេង​ទឹ​កសមុទ្រ​ដូច​មុន​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ខាងមុខ ដោយ​បាន​អះអាង​ថា ទឹក​សមុទ្រ​បច្ចុប្បន្ន​បាន​ស្អាត​ដូច​ដើម ខណៈ​ទឹក​កខ្វក់​ដែល​ហូរ​ចូល​ទឹក​សមុទ្រ​តាម​ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​ឯករាជ្យ ឆ្នេរ​សុខា និង​អូរ​ស្អាត ត្រូវ​បាន​ដោះស្រាយ​កាល​ពី​ដើម​សប្ដាហ៍​មុន។
លោក សាមុត សុធា​រិ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្រោយ​ពី​បិទ​គ្រប់​អូរ​ទប់​កុំឱ្យ​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ​ទាំង ៤ ទីតាំង​គឺ​បច្ចុប្បន្ន​ទឹក​សមុទ្រ​តាម​ឆ្នេរ​បាន​ស្អាត​វិញ​ហើយ
ដោយ​មនុស្ស​អាច​ចុះ​លេង និង​មុជ​បាន​ដូច​ធម្មតា។​រីឯ​ទឹក​កខ្វក់​ដែល​ហូរ​ចូល​សមុទ្រ​ពីមុន​គឺ​បាន​រសាត់​អស់​ត្រឹម​ជាង ១ ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពីបិទ​មាត់​អូរ។
លោក​ថា៖ «ពេល​យើង​ឈប់​បង្ហូរ (ទឹកស្អុយ​កខ្វក់) តែ​ក្នុង​រយៈពេល​ខ្លី វា​នឹង​ស្អាត​ហើយ ទឹក​ជោរ-នាច​តែ ១ ថ្ងៃ ២ ថ្ងៃ វា​ស្អាត​ហើយ។ ធម្មតា​ទឹក​សមុទ្រ​ពេល​ល្ងាច​នាច ហើយ​ព្រលឹម​ឡើង​វា​ជោរ​មក អ៊ីចឹង​បាន​ន័យថា​វា​លាង​ទឹក (កខ្វក់) ហ្នឹង»។
កាលពី​ថ្ងៃទី ២៦ មីនា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​លុប​ដី​បិទ​អូរ​ដែល​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​ដោយ​បង្វែរ​ទឹក​នោះ​តាមរយៈ​ស្ថានីយ​បូមទឹក​កខ្វក់​ទាំង ៤ ទីតាំង​ដែល​ទើប​សង់​រួច​ឲ្យ​បូម​ទឹក​កខ្វក់​ទម្លាក់​ទៅ​ស្ថានីយ​ចម្រោះ​ដែល​ទំហំ ១៦ ហិកតា​នៅ​ឆ្នេរ​អូរ​ឈើ​ទាល​មុន​ពេល​បង្ហូរ​ទៅ​សមុទ្រ។
ការបិទ​មាត់​អូរ​កុំឱ្យ​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ​នេះ​ធ្វើឡើង​បន្ទាប់ពី​ស្ថានីយ​បូមទឹក​កខ្វក់​ទី១ ទី២ ទី៣ និង​ទី៤ បាន​ដាក់​ឱ្យ​ដំណើរការ​ជា​បន្ត​បន្ទាប់​តាំង​ពីថ្ងៃ​ទី ២៥ មីនា​ ដើម្បី​សម្អាត​ទឹក​សមុទ្រ​ឲ្យ​ស្អាត​ដូចដើម ពិសេស​មុន​បុណ្យ​ចូល​ឆ្នាំ​មក​ដល់​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ។
ដើម្បី​បង្ហាញថា ទឹក​កខ្វក់​ត្រូវបាន​ដោះស្រាយ កាលពី​ថ្ងៃទី ២៩ ដល់​ថ្ងៃទី ៣១ ខែ​ មីនា ឧបនាយក​រដ្ឋមន្ត្រី លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា បាន​ដឹកនាំ​មន្ត្រី​ជាង ៣ ពាន់​នាក់​ចុះ​ពិនិត្យ​ផ្ទាល់​ពី​ដំណើរការ​ស្ថានីយ​បូម​ទឹក​កខ្វក់​ទាំង ៤ នេះ។
លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ​បាន​បញ្ជាក់ថា ពេល​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់ និង​ស្ថានីយ​បូម​ទឹក​កខ្វក់​ទាំង ៤ នោះ លោក ជា សុផារ៉ា ក៏បាន​រួម​ដាំ​កូន​ឈើ​ផងដែរ។
លោក​ថា៖ «ពួកគាត់​ចុះទៅ​ហ្នឹង​មិនមែន​ចុះ​ងូតទឹក (សមុទ្រ) ទាំង ៣ ថ្ងៃ​ទេ គឺ​វា​កម្មវិធី​ផ្សេងៗ​គ្នា វា​មាន​ងូត​ទឹក​ទៅ វា​មាន​ដាំ​ដើម​ឈើ​ទៅ មើល​អាង​ចម្រោះ​ទៅ មើល​ស្ថានីយ​បូមទឹក​ស្អុយ​ទៅ ឡើង​ស្ពាន​កោះ​ពស់​ទៅ ទៅ​កំពង់ផែ​ទៅ»។
បើតាម​លោក អ៊ី សុខ​ឡេង ក្នុងពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ អាជ្ញាធរ​ខេត្ត​នឹង​រៀបចំ​ធ្វើ​សង្ក្រាន្ត​សមុទ្រ ដែល​ត្រូវ​រៀបចំ​តាម​ឆ្នេរ​សមុទ្រ ប៉ុន្តែ​ឥឡូវ​នេះ លោក​មិន​ទាន់​អាច​លម្អិត​ពី​កម្មវិធី​បាន​ទេ។
ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ពី​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ​បាន​ទេ​កាល​ពី​ម្សិលមិញ ព្រោះ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។
ចំណែក​លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ប្រចាំខេត្ត​ព្រះសីហនុ បាន​ថ្លែង​ថា ដោយសារ​បច្ចុប្បន្ន ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​ត្រូវ​បាន​លុប​បំបាត់ ដូច្នោះ​លោក​សង្ឃឹម​ថា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ​ពលរដ្ឋ​នឹង​ទៅ​លេង​ទឹក​សមុទ្រ​ឡើង​វិញ។
លោក​ថា៖ «យើង​ទប់ស្កាត់​ទឹក​កខ្វក់​ចូល​សមុទ្រ​បាន​គឺ​យើង​បាន​ធ្វើឱ្យ​បរិស្ថាន​ស្អាត រមនីយដ្ឋានល្អ​ស្អាត សេវា​ល្អ និង​សុខភាព​ល្អ របស់​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ»។
ទោះជា​យ៉ាងណា លោក សុខុម បញ្ជាក់ថា ការទប់ស្កាត់​ទឹក​កខ្វក់​តែមួយ​មុខ​មិន​ទាន់​គ្រប់គ្រាន់​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ដូច​ដើម​ទេ ដរាប​ណា​មិន​ទាន់​ដោះស្រាយ​បញ្ហា​ថ្លៃ​ផ្ទះ​សំណាក់​និង​បរិស្ថាន​ផ្សេង​ដូចជា​សំរាម​ក្នុង​ខេត្ត​ជាដើម។
លោក​ថា៖ «កន្លងទៅ​ស្នាក់នៅ​វា​ថ្លៃ​ហើយ (មាន​ចំនួន)តិច វា​មិន​សម្បូរ​ដូច​ពីមុន​ទេ ដោយសារ​ជន​ជាតិ​ចិន​ដែល​មក​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ហ្នឹង គាត់​វិនិយោគ​ទាំង​លក្ខណៈ​ខ្នាត​តូច​ទាំង​ខ្នាត​ធំ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​មុខរបរ​ខ្នាត​តូច​របស់​ពលរដ្ឋ អ៊ីចឹង​ពួកគាត់​ត្រូវ​តែ​ជួល​ផ្ទះ ជួល​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ឱ្យ​ចិន​វិនិយោគ​ទៅ។ អ៊ីចឹង​វា​បាត់បង់​ផ្ទះសំណាក់ និង​សណ្ឋាគារ​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ជាច្រើន ប៉ុន្តែ​ឥឡូវ​វា​នៅ​មាន តែ​ចំនួន​តិច​ហើយ​ថ្លៃ (ជួល) ក៏​ខ្ពស់​ដែរ»។
បច្ចុប្បន្ន​ថ្លៃ​ជួល​កន្លែង​ស្នាក់នៅក្នុង​ខេត្ត​ព្រះសីហនុ មានតម្លៃ​ចាប់​ពី ២០ ដុល្លារ​រហូត​ទៅ​ដល់ ៥០ ដុល្លារ និង ១០០ ដុល្លារ​ជាត​ម្លៃ​ខុសពី​មុន​ពេល​មាន​វត្តមាន​អ្នក​វិនិយោគ​ជាតិ​ចិន​ដែល​កាល​នោះ​ផ្ទះសំណាក់​មាន​តម្លៃ​ត្រឹម​ប្រហែល​ពី ៥ ទៅ ៨ ដុល្លារ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សុខ សុខុម៕