អភិបាលខេត្តមណ្ឌលគិរី សម្ពោធសាលាធម្មសភា វត្តជីមៀត នៅតំបន់ដាច់ស្រយាល ក្នុងស្រុកកោះញែក

មណ្ឌលគិរី៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាធម្មសភាថ្មីមួយខ្នង នៅមណ្ឌលជលសារមហាសែនជ័យ ស្ថិតនៅក្នុងឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលបានស្ថាបនារួចរាល់ជាស្ថាពរ ។
ក្នុងឱកាសនោះ ឯកឧត្តមស្វាយ សំអ៊ាង មានប្រសាសន៍ថា វត្តអារាមមិនគ្រាន់តែជាទីគោរពសក្ការៈបូជាបុណ្ណោះទេ តែគឺជាប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណនិងជាថ្នាលបណ្តុះធនធានមនុស្សគ្រប់សម័យកាលឱ្យចេះដឹងទាំងផ្លូវលោក ទាំងផ្លូវធម៌ ទាំងគ្រប់វិស័យព្រះពុទ្ធសាសនា ស្របនឹងស្ថានភាពសង្គមជាតិយើងកំពុងតែរីកចម្រើនជាបន្តបន្ទាប់ ។

នាពេលបច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកតម្កើង និង ទ្រទ្រង់ព្រះពុទ្ធសាសនា វស្របនឹងស្ថានភាពសង្គមជាតិកំពុងតែរីកចម្រើនលើគ្រប់វិស័យស័ក្ដិសមជាទីកន្លែងគោរពបូជានៃពុទ្ធបរិស័ទ។
បន្ទាប់មកឯកឧត្តម ស្វាយ សំអ៊ាង បានអញ្ជើញកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សាលាធម្មសភា និង បានប្រគេនបច័្ចយចំនួន ២៣លានរៀលដល់ចំនួនពីរ គឺ វត្តជីមៀតចំនួន ២០លានរៀល និងវត្តស្រែជ្រៃចំនួន ៣លានរៀល ប្រគេនដល់ព្រះសង្ឃចំនួន ៣៦អង្គ ក្នុងមួយអង្គៗបច្ច័យ ៥ម៉ឺនរៀល ជូនដូនជី តាជីចំនួន ៣០នាក់ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល ព្រមទាំងចែកជូនសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន២០០នាក់ផងដែរ៕