ដើម​ឆ្នាំ​២០១៨​​ អ្នក​សិល្បៈ​​៥រូប ​ផ្ទុះ​រឿង​អាស្រូវ​​ពេញ​​ប្រទេស​

តារា​ចម្រៀង​​ និង​សម្ដែង​ប្រុស​ស្រី​ល្បី​ឈ្មោះ​ ៥ រូប​ផ្ទុះ​រឿង​អាស្រូវ​​ល្បី​ពេញ​ផ្ទៃ​ប្រទេស​ពាក់​ព័ន្ធ​​ករណី​គ្រឿង​ញៀន​ ​​​រឿងរ៉ាវ​អាស្រូវ​ផ្លូវ​ភេទ​​​ និងដឹកញីបន្ស៉ីឈ្មោល​​ ដើម្បី​ទទួល​បាន​​ភាគ​លាភ​​​។ ​​

១​/ ម្ចាស់​ពាន​រង្វាន់ The Voice Cambodia រដូវ​កាល​ទី១ លោក ប៊ុត សីហា ត្រូវ​​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នា​រសៀលថ្ងៃទី២១ ខែ​កុម្ភៈ ឆ្នាំ២០១៨​ កន្លង​ទៅ​ថ្មី​ៗ​នេះ​ នៅ​ម្ដុំ​​វត្ត​ស្លែង ​ពី​បទ​ប្រើ​ប្រាស់​គ្រឿង​ញៀន​។ លោកត្រូវសមត្ថកិច្ចដោះលែងវិញ ក្រោយ​ក្រុម​គ្រួសារ​មក​ធានា​។ ​ជុំវិញ​រឿង​រ៉ាវ​នេះ​​ភាគីខាង ហង្ស មាស លោក មាស រិទ្ធី ក៏បានអះអាងថា តារាចម្រៀង ប៊ុត សីហា បានប្រើ​ប្រាស់​គ្រឿង​ញៀន​​ចាប់​តាំង​ពី​ពេល​ចូល​ប្រឡង​ក្នុង​កម្មវិធី​ The Voice Cambodia ​រដូវ​កាល​ទី​១​មក​​ម្ល៉េះ​ តែ​ហង្ស​មាស​មិន​លាត​ត្រដាង​រឿង​នេះ​ឡើយ​ ដោយ​សារ​តែ​គិត​ថា​ សីហា អាច​កែ​ខ្លួន​ក្រោយ​ពី​​​ក្លាយ​ជា​ម្ចាស់​ពាន​ជយ​លាភី​លេខ​១ ។ ប៉ុន្តែរឿងរ៉ាវទាំងនេះត្រូវ​បាន​​សាមីខ្លួន​​ចេញ​មុខ​បក​ស្រាយ​ថា​ ​លោក​គឺ​ជា​ភ្នាក់ងារ​សម្ងាត់​របស់​ប៉ូលិសបង្ក្រាប​គ្រឿងញៀន​ មិន​មែន​ជា​អ្នក​ប្រើប្រាស់ ឬ​ជួញដូរ​គ្រឿង​ញៀន​ឡើយ។

ចុចអាន៖ រឿងទាក់ទងនឹង ប៊ុត សីហា

២/ ពិធី​ការិនី​កញ្ញា ឌួង ហ្សូរីដា ​ត្រូវ​បាន​គេ​ទម្លាយ​ថា​ នាង​គឺ​ជា​អ្នក​ដឹក​ញី​​ប្រស៊ី​ឈ្មោល​ ឬ ហៅ​ថា​ ម៉ែយ៉ែម ដើម្បី​ទទួល​បាន​ប្រាក់​​ភាគ​លាភ​រាប់​ពាន់​ដុល្លារ​​​។ រឿង​រ៉ាវ​នេះ​ត្រូវ​បាន​នាង​ និងក្រុមគ្រួសារចេញ​មុខ​បដិសេធថា​​​​ គឺ​ជា​ការ​លាប​ពណ៌​​ ក្នុង​គោល​បំណង​ចង់​បង្ខូច​កេរ្តិ៍ឈ្មោះ​នាង​តែ​ប៉ុណ្ណោះ។

៣/ ​ចំណែក​ឯ​អ្នក​និពន្ធ និង​ដឹកនាំ​សម្ដែង​ ខាំ ភូរិ ​វិញ​​​​ មិន​ខុស​ពី​​កញ្ញា​ ឌួង ហ្សូរីដា ប៉ុន្មាន​ឡើយ​ លោក​ត្រូវ​បាន​គេ​ទម្លាយ​​ព័ត៌មាន​ថា​ គឺជា​ឪយ៉ែម​។ ជុំវិញ​​ករណី​នេះ​​សាមី​ខ្លួន​សុំ​មិន​បក​ស្រាយ​​អ្វី​ទាំង​​អស់ ហើយ​លោក​គិត​ថា​នេះ​គឺ​ជា​រឿង​នយោបាយ​ ដែល​បក្ស​ប្រឆាំង​បង្កើត​ឡើង​ដើម្បី​​កេង​ចំណេញ​​ផល​ប្រយោជន៍​នយោបាយ​។

ចុចអាន៖ បុគ្គល៤រូប ជាប់ឈ្មោះជាម៉ែយ៉ែមក្នុងសង្គមសិល្បៈ​

៤/ ចំណែក​ឯ​តារា​សម្ដែង​ ស៊ិន សក្កដា ​​នាង​ត្រូវ​បាន​គេ​ទម្លាយ​ព័ត៌មាន​​​ពាក់​ព័ន្ធ​រឿង​រ៉ាវ​អាស្រូវ​ផ្លូវ​ភេទ​​​​​​ ពាស​ពេញ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ ធ្វើ​ឲ្យ​ផ្អើល​អស់​មហា​ជន​​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​​ដែល​ស្រឡាញ់​ចូល​ចិត្ត​រូប​នាង​។ ក្រោយផ្ទុះរឿងអាស្រូវនេះ តួឯកស្រីរឿង “ហ្លួងព្រះស្តេចកន” ​​មិន​ទាន់ចេញ​មុខ​ប្រតិកម្ម​ ឬបក​ស្រាយ​​នៅឡើយទេ​ ហើយភ្នាក់​ងារ​​ Sabay បាន​ព្យាយាម​​​ទាក់​ទង​ទៅ​ ស៊ិន សក្កដា តែ​លេខ​ទូរស័ព្ទ​​ដែល​ធ្លាប់​ប្រើ​មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន​ឡើយ​។

៥/ ​បើ​និយាយ​ពី​តារា​សម្ដែង​ និង​​​ពិធី​ការិនី​ ណា សាឌី ​វិញ​មិន​ខុស​ពី​ ស៊ិន​ សក្កដា នោះ​ទេ​ នាង ទទួល​រង​ព័ត៌មាន​អាស្រូវ​​​ផ្លូវ​ភេទ​​ដូចគ្នា។ រឿង​រ៉ាវ​នេះ​ត្រូវ​បាន សាឌី ចេញ​មុខ​បដិសេធ​ថា មិន​មែន​ជា​ការ​ពិត​ឡើយ ព្រោះ​ហ្វេស​ប៊ុក​របស់​នាង ត្រូវ​បាន​​ពួក​ Hacker ​​លួច​យក​ទាំង​ហ្វេស​ប៊ុក និង Instagragm ហើយ​សរសេរ​ និង​ពាក្យ​អសុរោះ​មួយ​ចំនួន​​យក​ទៅ​បង្ហោះ​ ក្នុង​គោល​បំណង​បង្ខូច​កេរ្តិ៍ឈ្មោះ​ ឲ្យ​អ្នក​គាំ​ទ្រ​ស្អប់​រូប​នាង​។ នាង​​ថា​៖”​និយាយ​ទៅ​ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៦​ មករា​​ គណនីទាំង​ពីរ​របស់​​ខ្ញុំ​គឺ​ពួក​គេ​​​លួច​ទៅ​កាន់​កាប់​ ដូច្នេះ​ខ្ញុំ​សូម​មិន​ទទួល​ខុស​ត្រូវ​រាល់​អ្វី ដែល​កើត​ឡើង​ទាំង​អស់​”៕

​​​​​​​​​​​​​​​​​​​​​​