អាជ្ញាធររាជធានីភ្នំពេញ និង ក្រុមហ៊ុនOCICបើកការដ្ឋានសាងសង់អគារពិព័រណ៍អន្តរជាតិជ្រោយចង្វារ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុនក្នុងស្រុក OCIC បានបើកការដ្ឋានសាងសង់អគារពិព័រណ៍អន្តរជាតិជ្រោយចង្វារ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដែលជាសំណង់អគារសាធារណៈធំទី២ បន្ទាប់ពីសាលពិព័រណ៍កោះពេជ្រ ដែលវិនិយោគ ដោយក្រុមហ៊ុន OCIC ដោយគ្រោងចំណាយថវិកា ១៦លានដុល្លារអាម៉េរិក កាលពីថ្ងៃអាទិត្យ ១១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ។ពិធីក្រុងពាលីជានិមិត្តរូបសុំម្ចាស់ទឹកម្ចាស់ដីតាមប្រពៃណីទំនៀមទម្លាប់ដើម្បីបានសេចក្តីសុខ ចម្រុងចម្រើនក្នុងដំណើរការសាងសង់អគារសាលពិព័រណ៍ អន្តរជាតិនេះ  ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ លោក ឧកញ៉ា ពុង ឃាវសែ នាយកក្រុមហ៊ុនOCIC ។

តាមការគូសបញ្ជាក់ពីតំណាងក្រុមហ៊ុន OCIC បានឱ្យដឹងថា សំណង់អគារពិព័រណ៍អន្តរជាតិនេះ សាងសង់លើផ្ទៃដីសរុប ២៦.៧៧៤,៣៨ម៉ែត្រក្រឡា ដោយបានបែងចែកអគារ ជា ៣ផ្នែកធំៗរួមមាន អគារសម្រាប់ពិព័រណ៍,ឃ្លាំង និងផ្ទះបាយនៅខាងក្រោយអគារពិព័រណ៍ និងចំណតរថយន្តក្រោមដីដែលអាចឱ្យយានយន្តចតបាន ១៩៨កន្លែង។តំណាងក្រុមហ៊ុនបានឱ្យដឹងទៀតថា ជុំវិញអគារ ត្រូវបានបំពាក់ទៅដោយកញ្ចក់ជា    បច្ចេកវិទ្យាថ្មីដែលអាចកាត់បន្ថយកំដៅ និងសំឡេងបានល្អរួមទាំងការបាញ់បំភ្លឺដោយភ្លើង3D ជុំវិញអគារដើម្បីលើកកម្ពស់សោភណភាពផងដែរ។ ចំពោះរយៈពេលនៃការសាងសង់តួអគារទាំងមូលមានរយៈពេល ១៤ខែគិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ដែលត្រូវចំណាយថវិកាប្រមាណ១៦លានដុល្លារអាម៉េរិក។

នេះជាសមិទ្ធផលថ្មីមួយទៀតដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ នៅពេលដែលកំណើនប្រជាពលរដ្ឋក្នុងទីក្រុងក៏កើនឡើង រីឯតម្រូវការហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ក៏ដូចជាអគារសាធារណៈផ្សេងៗក៏មានការកើនឡើង ហើយវិនិយោគិនទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាភ្ញៀវទេសចរ ក៏មានការកើនឡើងឥតឈប់ឈរ ក្នុងបរិបទដែលកម្ពុជាមានសុខសន្តិភាព មានស្ថិរភាពនយោបាយល្អ៕