លោក​ថោង ខុន ៖ ព្រឹ​ត្ត​ការណ៍​ទេសចរណ៍​វាយកូនគោល​អាស៊ី​លើក​ទី​៨​នៅ​សៀមរាប​-​អង្គរ ជាការ​ផ្សព្វផ្សាយ​ទេសចរណ៍​មួយ​ដ៏​ធំ​

(ខេត្តសៀមរាប) ៖ រដ្ឋមន្ត្រី​ទេសចរណ៍​លោក​ថោង ខុន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានលើកឡើង​ថា ព្រឹត្តិការណ៍​ទេសចរណ៍​កីឡាវាយកូនគោល​អាស៊ី​លើក​ទី​៨ (8th Asia Golf Tourism Convention – AGTC) ដែល​នឹង​ធ្វើឡើង​នៅ​សៀមរាប​-​អង្គរ​នាពេលនេះ គឺជា​ព្រឹត្តិការណ៍​ដែល​នឹងចូលរួម​ផ្សព្វផ្សាយ​ពី​វិស័យ​កីឡា​ទេសចរណ៍​នៅ​កម្ពុជា​ទៅកាន់​ពិភពលោក​ឲ្យ​កាន់តែ​ល្បី​សុះសាយ​ថែមទៀត ។​

​ក្នុង​ពិធី​លៀង សាយ ភោជន​នៅ​សណ្ឋាគារ​សុខា​អង្គរ​នា​រាត្រី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩ ដើម្បី​ស្វាគមន៍​កីឡាករ​ភ្ញៀវទេសចរ​អន្តរជាតិ​លំដាប់​សេដ្ឋី​-​មហាសេដ្ឋី និង​អ្នកវិនិយោគ​ធំៗ​លើ​វិស័យ​ទេសចរណ៍​៥៦២​នាក់ មកពី​៤៥​ប្រទេស លោក​ថោង ខុន បាន​លើកឡើងថា កម្ពុជា​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​«​ទេសចរណ៍​កីឡាវាយកូនគោល​អាស៊ី​» លើកដំបូង​នេះ ខណៈដែល​កម្ពុជា​កំពុងមាន​សុខសន្តិភាព​ពេញលេញ និង​មាន​កន្លែង​ទេសចរណ៍​ដ៏​ពិសិដ្ឋ គឺ​តំបន់​សៀមរាប​-​អង្គរ ។ ភ្ញៀវ​អន្តរជាតិ​ដែល​បាន​ចូលរួម​លើក​ទី​១​នេះ​មានការ​ភ្ញាក់ផ្អើល និង​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​កម្ពុជា​ដែលមាន​សុខសន្តិភាព មានការ​អភិវឌ្ឍ ពិសេស​មាន​ទីលាន​វាយកូនគោល​លំដាប់​អន្តរជាតិ​ធំៗ ហើយ​នៅ​ចំ​គោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​ដែល​ចំណុច​ពិសេស​នេះ នឹង​ជំរុញ​វិស័យ​ទេសចរណ៍​កីឡាវាយកូនគោល​មកកាន់​កម្ពុជា​បន្ថែមទៀត ។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ព្រឹត្តិការណ៍​ទេសចរណ៍​កីឡាវាយកូនគោល​អាស៊ី​លើក​ទី​៨​នេះ នឹង​ប្រព្រឹត្តទៅ​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣១ ខែមីនា ដល់​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៩ ។ ដោយឡែក​កីឡាវាយកូនគោល​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​៣-៥ ខែមេសា នៅ​ទីលាន​វាយកូនគោល​នៃ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​កេ​ត្រា និង​សណ្ឋាគារ​អង្គរ​រី​សូត ។ លោក​បាន​បន្តថា ព្រឹត្តិការណ៍​ទេសចរណ៍​កីឡាវាយកូនគោល​នេះ​មាន​រួម​ពិធី​ជួបជុំ​ដ៏​ធំ​មួយ​រវាង​អ្នកលក់ និង​អ្នកទិញ​ប្រមាណ​ជាង​៤០០​នាក់ ដើម្បី​ពិភាក្សាគ្នា​លើ​ការទិញ​-​លក់​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​ជូន​ភ្ញៀ​ង​ទេសចរ ពីព្រោះ​ពួកគេ​ភាគច្រើន​ជា​ក្រុមហ៊ុន​នាំ​ភ្ញៀវទេសចរ​ដើរ​ទស្សនា​ផង និង​លេង​កីឡា​ផង ពិសេស​កីឡាវាយកូនគោល​នេះ​តែម្ដង ។​

​លោក​ថោង ខុន បាន​បន្តទៀតថា ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ គឺ​ស្របទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ខិតខំ​ជំរុញ​វិស័យ​ទេសចរណ៍​កីឡា​វាយ​កូ​ល​គោល​នេះ​ឱ្យ​រីកដុះដាល​ឡើង ដើម្បី​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ផង និង​ដើម្បី​ត្រៀមខ្លួន​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ។ លោក Peter Walton អគ្គនាយក​អង្គការ​ទេសចរណ៍​វាយកូនគោល​អន្តរជាតិ (Chief Executive of the Global Golf Tourism Organisation) បានឱ្យដឹងថា ព្រឹត្តិការណ៍​ទេសចរណ៍​កីឡាវាយកូនគោល​អាស៊ី​នេះ តែង​ធ្វើឡើង​នៅតាម​ប្រទេស​នានា​ជា​រៀងរាល់ឆ្នាំ​បាន​៧​ដង​រួចមកហើយ ដូចជា​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន ហើយ​នៅ​ឆ្នាំ​២០១៩​នេះ ជា​លើក​ទី​៨ ដែល​អង្គការ​លោក​បាន​ជ្រើស​រើសយក​ខេត្តសៀមរាប​អង្គរ ប្រទេស​កម្ពុជា ហើយ​ដែលមាន​៤៥​ប្រទេស ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។​

​នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​កម្ពុជា លោក​ប្រាប់​ពី​មូល​ហេតុថា ដោយសារ​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ មាន​ទីលាន​វាយកូនគោល​លំដាប់​បទដ្ឋាន​អន្តរជាតិ មាន​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​នៅ​ទូទាំង​ពិភពលោក ពិសេស​ប្រាសាទអង្គរវត្ត ដែលជា​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បីល្បាញ​ទើប​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ធំៗ​លើ​វិស័យ​ទេសចរណ៍​កីឡាវាយកូនគោល ពេញចិត្ត​ក្នុងការ​មក​ទស្សនា និង​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ដ៏​ធំ​នេះ ។​

​លោក Peter បាន​បន្តថា អ្នកចូលរួម​ទាំង​៥៦២​នាក់​នោះ មាន​មកពី​តំបន់​អាស៊ាន តំបន់​អឺរ៉ុប ប្រទេស​ចិន ហុងកុង ជប៉ុន កូរ៉េខាងត្បូង តំបន់​ម​ជ្ឈិ​បូព៌ា អាហ្វ្រិក​ខាងត្បូង ឥណ្ឌា ទ្វីបអាមេរិក​ខាងជើង និង​មកពី​ប្រទេស​អូស្ត្រាលី ។ អគ្គនាយក​រូបនេះ​បាន​បន្ថែមថា អ្នកចូលរួម​ទាំងនោះ​មិន​ត្រឹមតែ​មកលេង​កីឡាវាយកូនគោល​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​ចូល​ទស្សនា​នៅតាម​ប្រាសាទ និង​រមណីយដ្ឋាន​ទេសចរណ៍​នានា​នៅ​កម្ពុជា ពិសេស គឺ​ប្រាសាទអង្គរវត្ត ហើយនឹង​បាន​ភ្លក្ស​ម្ហូបអាហារ​ខ្មែរ​ដែលមាន​រសជាតិ​ឆ្ងាញ់​ពិសា​បាន​មើលឃើញ​ដោយផ្ទាល់​នូវ​ស្នាមញញឹម​ពី​ធម្មជាតិ និង​ភាព​រួសរាយ​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា ៕