រឿងបរទេស៣ ទទួលបានពាន និងជាប់ជម្រើសពិសេសក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា

មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៨ នេះនាំមកជូនភាពយន្តជម្រើសជាច្រើន ខាងក្រោមនេះ Sabay សូមបង្ហាញពីប្រវត្តិ និងសាច់រឿងបរទេសពិសេសជាងគេ ៣ រឿងដែលទស្សនិកជនមិនគួររំលង។

រឿង «អ្នកម្តាយហ្វេលីស៊ីតេ»

១. រឿង «អ្នកម្តាយហ្វេលីស៊ីតេ» ផលិតដោយលោក អាឡេនហ្គោមីស នៅសារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងឆ្នាំ២០១៧ និងមានរយៈពេល ១២៣នាទី។ ហ្វេលីស៊ីតេ ជាអ្នកចម្រៀងក្នុងបារ ក្នុងរដ្ឋធានីគីនសាហា ដែលជាពិភពនៃតន្រ្តី និងក្តីសុបិន។ ដើម្បីព្យាបាលកូនប្រុសរបស់នាងដែលរងគ្រោះព្រោះគ្រោះថ្នាក់ចរាចរណ៍ នាងបានស្វះស្វែងរកលុយគ្រប់ច្រកល្ហក និងតាមដងផ្លូវនានាក្នុងទីក្រុង។

នៅក្នុងវេលាដ៏ពិបាកនេះ នាងក៏បានជួបបុរសម្នាក់ឈ្មោះ ថាប៊ូ។ រឿង «អ្នកម្តាយហ្វេលីស៊ីតេ» ជាខ្សែភាពយន្តដែលទទួលបានពានរង្វាន់ពីមហោស្រពភាពយន្តដ៏ធំនៅអាហ្រ្វិក Africa Movie Academy Award ក្នុងឆ្នាំ២០១៧។​ ហើយក៏ជាភាពយន្តមួយដែលជាប់ក្នុងជម្រើសទាំង៩ នៃពានរង្វាន់អូស្កាឆ្នាំ២០១៨ ក្នុងផ្នែកភាពយន្តភាសាបរទេសដែលល្អជាងគេ។

រឿង «សំឡេងនៃភាពស្ងប់ស្ងាត់» ឬ Sound of Silent

២. រឿង «សំឡេងនៃភាពស្ងប់ស្ងាត់» ឬ Sound of Silent ផលិតដោយលោក ប៊ូជូគូម៉ា ដាមូដារ៉ន់ ជាភាពយន្តឥណ្ឌា ផលិតក្នុងឆ្នាំ២០១៧ និងមានរយៈពេល៨៧នាទី។ រឿងនេះនិយាយពីក្មេងប្រុសគម្នាក់ ដែលម្តាយស្លាប់ក្រោយបង្កើតរូបគេ និងត្រូវបានឪពុកបោះបង់ចោល។ ពេលឪពុកជាប់គុក គេមើលឃើញពីភាពឯកា និងភាពទទេស្អាតនៃជីវិតនាពេលខាងមុខរបស់ខ្លួន។

ទំនាក់ទំនងរបស់គេ និងព្រះសង្ឃចំណាស់មួយអង្គ បានជួយគេឲ្យរម្ងាប់ភាពឈឺចាប់ និងស្វែងរកទំនាក់ទំនងរវាងសត្វលោក និងធម្មជាតិ។ រឿងនេះបង្ហាញពីការប្រយុទ្ធនៅក្នុងចិត្តដើម្បីសេចក្តីស្រឡាញ់។ រឿង «សំឡេងនៃភាពស្ងប់ស្ងាត់» ជាខ្សែភាពយន្តដ៏ល្បីល្បាញរបស់ឥណ្ឌា ដែលបានចូលរួមនិងទទួលបានពានរង្វាន់ជាច្រើនពីមហោស្រពភាពយន្តអន្តរជាតិនៅជុំវិញពិភពលោកដូចជា កាណាដា អូស្រ្តាលី អ៊ីតាលី និង​អាមេរិកជាដើម។​

រឿង «ហ៊ីរ៉ូស៊ីម៉ា»

៣. រឿង «ហ៊ីរ៉ូស៊ីម៉ា» ឬ Hiroshima ជាស្នាដៃផលិតរបស់ លោក ​ហៃដេអូ​ សេ​គី​កាវ៉ា​ ជន​ជាតិ​ជប៉ុន​ ដែលផលិតតាំងពីឆ្នាំ ១៩៥៣ មានរយៈពេល ១០៥នាទី។ រឿងនេះនិយាយពីការទម្លាក់គ្រាប់បែក​បរិមាណូដំបូងបំផុតទៅលើ ទីក្រុងហ៊ីរ៉ូស៊ីមា ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៤៥ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ ដែលបានសម្លាប់ជនស្លូតត្រង់ជាច្រើន និងបង្កភាពភ័យខ្លាច និងបញ្ហាប្រឈមសម្រាប់ជប៉ុន ក្រោយហេតុការណ៍នេះ។

ភាពយន្តដ៏កម្រនេះ មានការចូលរួមសម្តែងពីមនុស្សចំនួន៩ម៉ឺននាក់ ដែលពួកគេសុទ្ធតែជាជនរស់រានមានជីវិតពីការទម្លាក់គ្រាប់បែកនោះ។ រឿង «ហ៊ីរ៉ូស៊ីម៉ា» ទទួលបានពានរង្វាន់ខ្សែភាពយន្តវែងដ៏ល្អជាងគេបំផុត ក្នុងមហោស្រពភាពយន្តអន្តរជាតិប៊ែឡាំង ឆ្នាំ១៩៥៥៕

ភាពយន្តទាំង ៣ ចំណងជើងនឹងមានការចាក់ផ្សាយក្នងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៨ ក្នុងបណ្តារោងភាពយន្តទាំងអស់នៅក្នុងទីក្រុងភ្នំពេញ តាមកាលវិភាគដែលបានកំណត់របស់មហោស្រពភាពយន្តអន្តរជាតិកម្ពុជា៕

កម្មវិធីលម្អិត និងព័ត៌មានបន្ថែម ប្រិយមិត្តអាច ចូលទៅកាន់គេហទំព័រ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា និងទំព័រហ្វេសប៊ុកផ្លូវការ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា