ក្រសួងមហាផ្ទៃ​ដាក់​ឱ​សាន្ត​វាទ​ដល់​ជនបរទេស​កាន់​ឯកសារ​មិន​ប្រក្រតី​ចំនួន​បី​ខែ​ទៀត​

(​ភ្នំពេញ​)៖ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានដាក់​ឱ​សាន្ត​វាទ​ដល់​ជនបរទេស​ណា​ដែល​កាន់កាប់​ឯកសារ​មិន​ប្រក្រតី​ចំនួន​បី​ខែ​ទៀត ឲ្យ​មក​សារភាព​ដោយ​ខ្លួនឯង បើ​មិន​ដូច្នេះ​ទេ​ប្រសិនបើ​មន្ត្រី​រកឃើញ​ក្រោយបី​ខែ​នេះ​នឹង​ចាត់វិធានការ​ទៅតាម​ច្បាប់​ជា​ធរមាន​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត សុខ ផល មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី កិច្ចប្រជុំ​បូកសរុប ដក​ពិសោធន៍​ការងារ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កាន់កាប់​ប្រើប្រាស់ និង​ការងារ​ទទួល​ពាក្យសុំ​ជា​ជនបរទេស​អន្តោរ​ប្រវេ​សន្ត រយៈពេល​៣​ខែ និង​លើក​ទិសដៅ​ការងារ​សម្រាប់​រយៈពេល​៣​ខែ​ចុងក្រោយ​នា​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩​នេះ​នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​ឯកឧត្តម​នាយ ឧ​ត្ត​ម​សេនីយ៍ សុខ ផល មានប្រសាសន៍​បញ្ជាក់ថា រហូតមកដល់​ពេលនេះ​មន្ត្រីនគរបាល បាន​ដកហូត​ឯកសារ​មិន​ប្រក្រតី​ពី​ជនបរទេស​បាន​ជាង ប្រាំពីរ​ម៉ឺន​នាក់ ហើយ​ក្នុងនោះ​ជនជាតិ​វៀតណាម​រហូតដល់​ជាង​៩០%​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បាន​លើកឡើងថា ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​ដូចជា​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ និង​ឯកសារ​ផ្សេងៗ​បាន ចំនួន​ជាង​ប្រាំពីរ​ម៉ឺន​នាក់​មកពី​ប្រាំ​សញ្ជាតិ​រយៈពេល​ឆ្នាំ​កន្លងមកនេះ ហើយ​ពួកគេ​ក៏ត្រូវ​បាន ចាប់​បញ្ជូនទៅ​ប្រទេស​គេ​វិញ​ជា​បន្ត​ផងដែរ​។ ប៉ុន្តែ​យ៉ាង ណាក៏ដោយ​ក្រសួងមហាផ្ទៃ បានកំណត់​ពេលវេលា​ចំនួន​បី​ខែ​ទៀត​ដើម្បី​ផ្តល់ឱកាស​ឲ្យ​ជនបរទេស​ណា​ដែល​មក​រស់នៅ​ស្រុក​ខ្មែរ​ដោយ​ខុសច្បាប់​មក​សារភាព​ជាបន្ទាន់ បើ​ពុំ​ដូច្នេះ​ទេ នឹងត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​របស់​កម្ពុជា​។​

​យោងតាម​របាយការណ៍​បាន​បង្ហាញថា យោងតាម​ស្ថិតិ​នៃ​ការធ្វើជំរឿន​ឆ្នាំ​២០១៦ តួលេខ​ជនបរទេស​អន្តោ​ប្រវេ​សន្ត​សរុប​មាន​ចំនួន ៤៦,៧៧៦​គ្រួសារ មនុស្ស​ចំនួន ១៧៦,៨១២​នាក់ (​ស្រី ៧៩,៧២៨) អាយុ​១៨​ឆ្នាំ​ឡើង​ចំនួន ១២១,៤០៥​នាក់ (​ស្រី ៥២,៧៥៤​នាក់​)​។ ការចុះ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​កន្លងមក បាន​រកឃើញ​បន្ថែម​នូវ​ជនបរទេស​ដែល​ស្នាក់​រយៈពេល​យូរ​ចំនួន ២,៨២៧​គ្រួសារ មនុស្ស​ចំនួន ៥,៨៦១​នាក់ (​ស្រី ២,៧៦០​នាក់) អាយុ​១៨​ឆ្នាំ​ឡើង​ចំនួន ៤,៤៨៨​នាក់ (​ស្រី ២,១២៨​នាក់​) ៕