មិន​ស្មាន​ថា​ LG G7 ក៏​ប្រើ​រចនាបថ​ឆក​​តាម​ iPhone X ដែរ

Evan Blass អ្នក​ចែក​រំលែក​ដំណឹង​លេច​ធ្លាយ​ដ៏​ល្បី​ឈ្មោះ​មួយ​ បាន​​ចែក​រំលែក​​រូបរាង​ទូរសព្ទ​ LG G7 (Neo) នៅ​ក្នុង​កម្មវិធី​មួយ​ ធ្វើ​ឡើង​ក្នុង​ព្រឹត្តិការណ៍​ MWC ឆ្នាំ​ ២០១៨។

វា​អាច​ជា​​ម៉ូដែល​ដែល​ LG បាន​បោះ​បង់​ចោល​ ដោយ​សារ​តែ​​ម៉ូដែល​ដែល​គ្រោង​នឹង​ប្រកាស​ចេញ​អំឡុង​ខែ​មិថុនា​ខាង​មុខ​មាន​ឈ្មោះ​សម្គាល់​ថា​ “Judy” ឯណោះ​ទេ។ LG G7 រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ MWC ឆ្នាំ​នេះ​ ប៉ុន្តែ​ធ្លាយ​ដំណឹង​ថា​ LG បោះបង់​ផែនការ​នេះ​ចោល​ ដោយ​ចាប់​ផ្ដើម​ផលិត​ LG G7 សា​ឡើង​វិញ។

LG G7 (Neo) ដែល​បាន​បង្ហាញ​ក្នុង​កម្មវិធី​ MWC ខាង​លើ​មាន​រចនាបថ​អេក្រង់​ឆក​ដូច​ជា​ iPhone X មាន​អេក្រង់​ទំហំ​ ៦ អ៊ីញ​ និង​មាន​មាត្រដ្ឋាន​ 19.5:9។ ផ្នែក​ខាង​ក្រោយ​មាន​ជា​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​​កម្រិត​ ១៦ MP មាន​ Aperture f/1.6 និង​កាមេរ៉ា​មួយ​ទៀត​ Aperture f/1.9។ កាមេរ៉ា​ខាង​មុខ​ជា​ប្រភេទ​ Wide-Angle កម្រិត​ ៨ MP។

បន្ទះ​ឈីប​ជា​ Snapdragon 845 ដែល​មាន​ RAM ទំហំ​ ៤ GB ជា​មួយ​អង្គ​ផ្ទុក​ទិន្នន័យ​ ៦៤ GB។ វា​ក៏​មាន​ប្រភេទ​ RAM ទំហំ​ ៦ GB ដែល​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ ១២៨ GB។ ថ្ម​មាន​ទំហំ​ ៣០០០ mAh ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ​ និង​អាច​ធន់​នឹង​ទឹក​កម្រិត​ IP68។

ផ្អែក​តាម​ Evan Blass នៅ​ក្នុង​កម្មវិធី​ដែល​គេ​ដាក់​បង្ហាញ​ LG G7 (Neo) ក្រុមហ៊ុន​ LG ក៏​បាន​​បង្ហាញ​ LG Q7, LG V35 និង​ Smartwatch ថ្មី​ផង​ដែរ៕​