១២ប្រទេសប្រកាសទទួលអត្តពលិកកម្ពុជាហ្វឹកហាត់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣

(ភ្នំពេញ)៖ លោក វ៉ាត់ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) បានប្រាប់ឲ្យដឹងថា ពេលនេះមានប្រទេសចំនួន១២ដែលបានប្រកាស់ទទួលយកអត្តពលិកកម្ពុជាហ្វឹកហាត់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ដោយសារកូវីដ១៩បានធ្វើឲ្យកម្ពុជា ត្រូវពន្យារពេលក្នុងការបញ្ជូនអត្តពលិករបស់ខ្លួនទៅហ្វឹកហាត់នៅក្រៅប្រទេស ។ទោះជា យ៉ាងណាក៏លោកវ៉ាត់ ចំរើនបានដាក់គោលដៅទៅហ្វឹកហាត់នៅក្រៅប្រទេសជារឿងសំខាន់ ។ខែវិច្ឆិកានាចុងឆ្នាំនេះប្រសិនបើកូវីដ១៩មានការថមថយនោះកម្ពុជានឹងបើកយុទ្ធនាករបញ្ជូនអត្តពលិកចេញទៅហ្វឹកហាត់នៅក្រៅប្រទេសក្នុងទ្រង់ទ្រាយធំតែម្ដង ។

ក្នុងករណីអ្វីៗនៅមិនទាន់ឈានទៅរកភាពប្រក្រតីដូចដើមទេនោះដើមឆ្នាំ២០២១កម្ពុជានឹងត្រូវបង្ខំចិត្តបញ្ជូនកីឡាករ កីឡាការិនី ទៅហ្វឹកហាត់នៅក្រៅប្រទេស ។ ចិន កូរេ ជប៉ុន ថៃ វៀតណាម បណ្ដាប្រទេសមួយចំនួននៅទ្វីបអាស៊ី អឺរុប និង អាមេរិកគេស្ម័គ្រចិត្តទទួលយកកីឡាករ កីឡាការិនីកម្ពុជាទៅហ្វឹកហាត់ ។

កីឡាករ កីឡាការិនីកម្ពុជាដែលត្រៀមខ្លួនចេញទៅហ្វឹកហាត់នៅក្រៅប្រទេសមានចំនួន១១០នាក់ ។ ឆ្នាំ២០២១ស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយប្រទេសវៀតណាមដែលនោះជាការប្រកួតចុងក្រោយមុនឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ឆ្នាំ២០២១នេះដែរក៏ជា ឆ្នាំដែលកម្ពុជាពិនិត្យមើលចុងក្រោយ ពីសមត្ថភាពអត្តពលិករបស់ខ្លួន ក៏ដូចជាការពិនិត្យមើលពីមន្ត្រីរបច្ចេកទេសរបស់ខ្លួនជាលើកចុងក្រោយដែរ ។

កម្ពុជាមានប្រភេទកីឡាដែលមានសក្ដានុពល ជាច្រើនដូចជាប៉េតង់ ចំបាប់ វូស៊ូ វ៉ូវីណាម តេក្វាន់ដូ សូហ្វតិន្នីស វាយកូនបាល់វាយសីនិងប្រភេទកីឡាជាទៀត។មិនតែប៉ុណ្ណោះប្រភេទកីឡាមួយចំនួនដែលកន្លងមក ពុំធ្លាប់ប្រជែងបានមេដាយនោះក៏កំពុងតែធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់ចាប់អារម្មណ៍ខ្លាំងណាស់ដែរ ។

ប្រភេទកីឡាបាល់ទាត់ពេលនេះក៏កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់ល្អពិសេសកីឡាករវ័យក្មេងៗ ដែលបណ្ដុះបណ្ដាលចេញពីសាលាបាល់ទាត់ជាតិបាទី ។ បាល់ទះ បាល់បោះកំពុងតែបង្ហាញពីភាពខ្លាំង និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងពីមួយខែទៅមួយខែ ព្រមទាំងពីមួយឆ្នាំទៅមួយឆ្នាំ ៕ ដោយ៖កូនដូច (យុទ្ធ)