អត្ថាធិប្បាយ ៖ ពួកសណ្តានជាតិរច្ឆាន ត្រូវតែទទួលការផ្តន្ទាទោសដាច់ខាត

ចលនាបដិវត្តន៍ពណ៌នៅកម្ពុជាថ្វីបើត្រូវបានរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា វាយកម្ទេចចោលឲ្យរលាយទៅជាផេះហើយក្តី ប៉ុន្តែព្រលឹងដ៏អាក្រក់ជូរជាតិរបស់វា នៅតែតាមសណ្ឋិតនៅក្នុងខួរក្បាលរបស់ជនល្ងង់ខ្លៅមួយចំនួននៅឡើយទេ ។ ជាក់ស្តែង ថ្មីៗនេះពពួកជនល្ងង់ខ្លៅទាំងនេះបានធ្វើសកម្មភាពប៉ុនប៉ងបង្កឲ្យមានចលាចលសង្គម បង្កើតឲ្យមានអស្ថិរភាពនយោបាយធ្វើឲ្យបាត់បង់ជំនឿរបស់ប្រជាជនលើការដឹកនាំរបស់រាជរដ្ឋាភិបាលតាមរយៈការញុះញង់ អុចអាល ការឃោសនាសង្គ្រាមចិត្តសាស្ត្រ ជុំវិញបញ្ហាព្រំដែន អន្តោប្រវេសន៍ សិទ្ធិមនុស្ស បញ្ហាដីធ្លី ព្រៃឈើ ជាដើម ។

មនុស្សមួយក្តាប់តូចដែលជ្រកក្រោមផ្លាកអង្គការដែលមិនបានចុះឈ្មោះនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឈ្មោះថា ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ បាននិងកំពុងធ្វើសកម្មភាពខុសច្បាប់ តាមរយៈការប្រើប្រាស់បណ្តាញសង្គម ដើម្បីផ្សព្វផ្សាយអត្ថបទ ខិត្តប័ណ្ណ ខ្សែវីដេអូ ព្រមទាំងបានធ្វើបាតុកម្មដែលគ្មានច្បាប់អនុញ្ញាត ។ ធ្ងន់ធ្ងរជាងនេះ ពពួកជនមួយក្តាប់តូចនេះបានធ្វើសកម្មភាពដែលមានអង្គការចាត់តាំងច្បាស់លាស់ មានគោលដៅជាក់លាក់ មានការឧបត្ថម្ភគាំទ្រ ការផ្តល់យោបល់ ការផ្តល់ថវិកា ជាចលនាបម្រើឲ្យបដិវត្តន៍ពណ៌ដែលរលត់រលាយបាត់ទៅហើយនោះ ។យើងគួរសង្កេតអំពីស្ថានភាពជាក់ស្តែងរបស់ពួកប្រឆាំងក្បាលរឹងទាំងនេះ ដើម្បីមើលឃើញថា សកម្ម ភាពរបស់ពួកនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ប្រសិនបើគ្មានការទប់ស្កាត់ទាន់ពេលវេលាទេនោះ ។

នៅពេលដែលគណបក្សសង្គ្រោះជាតិ ដែលជាយន្តការយ៉ាងសកម្មនៃចលនាបដិវត្តន៍ពណ៌មិនទាន់រលំរលាយ ពួកនេះ បានធ្វើសកម្មភាពញុះញង់ បង្កើតឲ្យមានជាសង្គ្រាមបង្ហូរឈាមតែម្តង ។ ប៉ុន្តែជាភ័ព្វសំណាងល្អរបស់ប្រទេសកម្ពុជា គណបក្សដ៏ចង្រៃឧត្បាតមួយនេះក៏ផុតអាយ៉ូសទៅ ។ ពួកប្រឆាំងក្បាលរឹងនៅតែដាក់ក្តីសង្ឃឹមថា ខ្មោចគណបក្សសង្គ្រោះជាតិដែលដាច់ក្បាល ដាច់ជើង រលាយខ្លួនបាត់ទៅហើយនោះនឹងរស់ឡើងវិញនៅថ្ងៃណាមួយ ។ ហេតុនេះហើយ ទើបពួកគេប្រើប្រាស់អង្គការមិនមែនរដ្ឋាភិបាល និងសមាគមមួយចំនួនដែលទទួលលុយពីក្រៅប្រទេស ឲ្យធ្វើសកម្មភាពតាមគ្រប់រូបភាពប្រឆាំងរាជរដ្ឋាភិបាល ជំនួសឲ្យបក្សប្រឆាំងក្បាលរឹង ។ ប៉ុន្តែឧបាយកលទាំងនេះ មិនអាចរំលងភ្នែករបស់រាជរដ្ឋាភិបាលកម្ពុជាបានទេ ។ រាជរដ្ឋាភិបាលដែលត្រូវបានបោះឆ្នោតជ្រើសតាំងដោយប្រជាជន ពិតជាមានការគាំទ្រពីសំណាក់ប្រជាជន ។ ដូច្នេះសកម្មភាពណាមួយ ដែលបំផ្លិចបំផ្លាញផលប្រយោជន៍ប្រជាជន ពិតជាត្រូវបានប្រជាជនផ្តន្ទាទោសហើយ ។

ក្នុងដំណាក់កាលវិបត្តិនៃជំងឺកូវីដ-19 នេះ ប្រទេសកម្ពុជាក៏ទទួលរងឥទ្ធិពល ដោយសារវាបានបង្កផលប៉ះពាល់ខ្លាំងទៅលើវិស័យសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជន ។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ ខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតដាក់ចេញនូវគោលការណ៍ និងបណ្តាវិធានការសំខាន់ៗជាច្រើនក្នុងការទប់ស្កាត់ជំងឺកូវីដ-19 និងដាក់ចេញរាល់ចំណាត់ការទាំងឡាយ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការសេដ្ឋកិច្ចសង្គម និងធានាលំនឹងជីវភាពរស់នៅរបស់ប្រជាននៅក្នុងដំណាក់កាលដ៏លំបាកនេះ ។ ដោយឡែកប្រជាជនយើង បើទោះបីជាមានបញ្ហាជីវភាពខ្លះ ប៉ុន្តែក៏បានបង្ហាញចេញនូវស្មារតីសាមគ្គីជាតិយ៉ាងទូលំទូលាយ និងគួរឲ្យស្ញប់ស្ញែងមែនទែន ក្នុងការជួយចែករំលែកការលំបាកគ្នាក្នុងស្មារតីឈាមជ័រតែមួយ ។ ប៉ុន្តែវាចំលែកតែពួកប្រឆាំងផ្កាប់មុខដែលមានសណ្តានជាតិរច្ឆាន មិនត្រឹមតែមិនបានជួយប្រជាជន ប៉ុន្តែបែរជាធ្វើសកម្មភាពបំផ្លាញប្រជាជនទៅវិញ ។ ជាការពិតណាស់ ពួកនេះមិនសប្បាយចិត្តជាមួយអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននោះទេ ហើយរឹតតែមិនរីករាយសោះឡើយនៅពេលដែលឃើញប្រជាជនបានរស់នៅប្រកបដោយភាពសុខដុមរមនាបែបនេះ ។ ពួកនេះធ្លាប់តែដឹកស្រមៃឃើញថា កម្ពុជានឹងស្លាប់នៅពេលដែលសហគមន៍អឺរ៉ុបផ្តាច់ EBA ចំនួន ២០% បន្ទាប់មកទៀតគេក៏ដេកយល់សប្តិឃើញថា កម្ពុជានឹងស្លាប់នៅក្នុងដំណាក់កាលកូវីដ-19 ។ ប៉ុន្តែកម្ពុជាជាក់ស្តែងមិនស្ថិតនៅក្នុងការស្រមៃ មិនស្ថិតនៅក្នុងការយល់សប្តិរបស់ពពួកដែលមានសណ្តានជាតិរច្ឆានទាំងនេះទេ ។ កម្ពុជាកំពុងឈរយ៉ាងរឹងមាំ ។

រហូតមកដល់ថ្ងៃនេះ កម្ពុជាមិនមានការឆ្លងជំងឺកូវីដ-19 ចូលក្នុងសហគមន៍ទេ មិនមានការបិទប្រទេសទេ ហើយក៏គ្មានអ្នកស្លាប់ដោយសារជំងឺនេះដែរ ។ ជីវភាពរបស់ប្រជាជនកម្ពុជាវិញក៏ស្រកស្រុតអ្វីឡើយ ។
រាជរដ្ឋាភិបាលកម្ពុជាកំពុងពង្រឹងយ៉ាងរឹងមាំនូវខឿនការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម ។ ជនណាក៏ដោយ ក្រុមណាក៏ដោយ ប្រសិនបើនៅតែហ៊ានប្រថុយប្រថានប្រព្រឹត្តិទង្វើដែលបង្កឲ្យមានភាពវឹកវរចលាចលក្នុងសង្គម ប្រាកដជាត្រូវប្រឈមនឹងផ្លូវច្បាប់ហើយ ។ ប្រជាជនមិនគាំទ្រនូវទង្វើរបស់ពួកនេះទេ ។ ចំណាត់ការរបស់រាជរដ្ឋាភិបាល តាមរយៈវិធានការច្បាប់ទៅលើពួកប្រឆាំងផ្កាប់មុខ បានទទួលការគាំទ្រយ៉ាងទូលំទូលាយណាស់ពីសំណាក់ប្រជាជន ។ សូម្បីតែជនបរទេសម្នាក់ ឈ្មោះ រ៉ូណា ស្មីត ដែលពីមុននេះធ្លាប់តែស្រពិចស្រពិលអំពីសភាពការណ៍ពិតនៅកម្ពុជាក៏មកដល់ពេលនេះ បានបង្ហាញជំហររបស់ខ្លួនថា មិនគាំទ្រទេ ការជួបជុំបញ្ចេញមតិដែលបំពានច្បាប់ បំពានសិទ្ធិសេរីភាពអ្នកដទៃ បង្កឲ្យមានការរើសអើងពូជសាសន៍ អំពើហឹង្សា និងភាពចលាចល ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម ៕ ដោយ៖ លី ទួង