ទីបំផុត​​រកឃើញ​ម្ចាស់​មកុដ ក្នុង​កម្មវិធី «Miss Universe Cambodia» ឆ្នាំ២០១៩ហើយ បាន​ទៅ​លើ​កញ្ញា សំណាង អេលីណា

(ភ្នំពេញ)៖ កម្មវិធីប្រកួតសម្រស់ «Miss Universe Cambodia» ឆ្នាំ ២០១៩ បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី៣១ មីនា ឆ្នាំ ២០១៩ ហើយនៅទីបំផុតគេបានរកឃើញម្ចាស់មកុដប្រចាំឆ្នាំ ២០១៩ ហើយ គឺបានទៅលើបេក្ខនារី សំណាង អេលីណា មកពីរាជធានីភ្នំពេញ ដែលនាងនឹងត្រៀមខ្លួនទៅប្រកួតកម្មវិធី «Miss Universe» នៅលើឆាកអន្តរជាតិបន្តទៀត។

យ៉ាងណាមិញ បន្ទាប់ពីបានធ្វើការប្រកួតប្រជែងអស់រយៈពេលច្រើនថ្ងៃ និង ច្រើនសប្តាហ៍រួចមក ការប្រកួតជម្រុះវគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅ សណ្ឋាគារ Naga 2 នារាត្រីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៩ គឺមានការចូលរួមពីសំណាក់ទស្សនិកជនជាច្រើនរូប និងគណៈកម្មការ ចូលរួមវិនិច្ឆ័យ និងដាក់ពិន្ទុ ដើម្បីជ្រើសរើសបេក្ខនារីមួយរូប ដែលមានរូបស្រស់ស្រស់សោភា និងមានចំណេះដឹង កម្រឹតវប្បធម៌សមស្រប ក្នុងការឡើងទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខនេះ។

គួរជម្រាប់ថា ក្រៅពីបេក្ខនារីសំណាង អាលីណា ទទួលបានជយជំនះគ្រងមកុដក្នុងកម្មវិធី «Miss Universe Cambodia» ឆ្នាំ ២០១៩ ហើយនោះ គឺមានបេក្ខនារី៤រូបទៀត ទទួលនូវចំណាត់ថ្នាក់ បន្តបន្ទាប់ ក្នុងនោះរួមមាន កញ្ញា បុណ្យ កញ្ចនធីតា ទទួលបានចំណាត់ថ្នាក់លេខ៥, កញ្ញា ប៉ូ គឹមថេងសុតធីតា ទទួលបានចំណាត់ថ្នាក់លេខ៤, កញ្ញា ចន សុទីម៉ា ទទួលបានចំណាត់ថ្នាក់លេខ៣ និងកញ្ញា ថោង ម៉ាឡា ទទួលបានចំណាត់ថ្នាក់លេខ២៕