Apple ផ្ញើលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍សម្ពោធនៅថ្ងៃទី ១៥ ខែកញ្ញា

ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងដាក់បង្ហាញនូវទូរស័ព្ទ iPhone 12 ចំនួនបួនម៉ូដែលថ្មី ដែលទាំង៤គ្រឿងនេះត្រូវបានគេរំពឹងថានឹងគាំទ្រដល់បណ្តាញ 5G ហើយមានតែទូរសព្ទ​តម្លៃថ្លៃប៉ុណ្ណោះដែលអាចគាំទ្រ mmWave 5G ។ ទូរស័ព្ទទាំងនោះនឹងមានការរចនារាងសំប៉ែតថ្មីដែលស្រដៀង​នឹងការរចនានោលើ iPhone 5 ឬថេប្លេត iPad ថ្មីៗ។

នៅព្រឹកថ្ងៃអង្គារនេះភស្តុតាងនៃព្រឹត្តិការណ៍ Apple ថ្មីមួយបានលេចចេញនៅក្នុងកូដរបស់ Twitter ដោយបង្ហាញពី Emoji ថ្មីដែលលេចចេញនៅពេលដែល​គេប្រើ hashtag #AppleEvent ។ មិនយូរប៉ុន្មាន SVP នៃទីផ្សាររបស់ក្រុមហ៊ុន Apple លោក Greg Joswiak បានសរសេរលើTwitter បង្ហាញ​ពី​កាល​បរិច្ឆេទព្រឹត្តិការណ៍សម្ពោធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែកញ្ញា។

សមាជិកសារព័ត៌មានក៏ត្រូវបានទទួលលិខិតអញ្ជើញជាផ្លូវការសម្រាប់ព្រឹត្តិការណ៍នោះ​ផងដែរ ដែល​មានឈ្មោះថា “ Time Flies” ។ យោងតាមរបាយការណ៍មុនរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ក្រុមហ៊ុន Apple គ្រោងនឹងប្រកាសបង្ហាញនាឡិកាដៃ Apple Watch ចំនួនពីរម៉ូដែលទីមួយគឺ Apple Watch Series 6 និងមួយទៀតសន្មតថាជា Apple Watch ស៊េរី ៣ តម្លៃថោក ដែលទំនង​ជា​ Apple បន្ថែម​ជម្រើស​នាឡិកាដែល​មាន​តម្លៃ​ថោក​អោយ​អតិថិជន​។

ដោយ៖ Vireak