CAMSOC បន្តពិភាក្សាផ្នែកវប្បធម៌ បរិស្ថាន និងអប់រំកីឡា

(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានដឹកនាំកិច្ចប្រជុំ ប្រចាំសប្តាហ៍របស់គណៈអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៌ថា៖កិច្ចប្រជុំនេះដោយផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗចំនួន៣ របៀបវារៈទី១ ផ្តោតទៅលើប្រកាសដាក់អោយប្រើប្រាស់ ស្លាកសញ្ញា និមិត្តសញ្ញា និង បាវចនា ដែលត្រូវបានដាក់អោយចុះបញ្ជីជាកម្មសិទ្ធិបញ្ញារបស់គណកម្មាជាតិ CAMSOC ដែលបានធ្វើការកែសម្រួល២លើករួចមកហើយដោយធ្វើកំណែទម្រង់អោយបានត្រឹមត្រូវទៅតាមបែបបទនៃសចក្តីប្រកាសដើម្បីសាធារណៈជន ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់យកទៅប្រើប្រាស់មានប្រសិទ្ធភាព និង មិនប៉ះពាល់ដល់ការក្លែងបំន្លរឺក៏ធ្វើអោយខូចទៅដល់រូបភាពនៃ ម៉ាសស្កត់ រឺ ក៏ LoGo ដែលជាគុណតម្លៃពិតប្រាកដរបស់ស៊ីហ្គេម។

របៀបវារៈទី២ ប្រជុំពិភាក្សាជាមួយគណកម្មាវប្បធម៌ បរិស្ថាន និង អប់រំកីឡា ដែលត្រូវត្រៀមបើកយុទ្ធនាការអប់រំ ផ្សព្វផ្សាយទៅលើប្រធានបទចំនួន២ ប្រធានទី១ ប្រជាជនម្នាក់លេងកីឡាមួយមុខក្នុង១ជីវិត និង ប្រធានបទទី២ កម្ពុជាស្អាត និងបដិសណ្ឋាកិច្ចល្អ យុទ្ធនាការបំបាត់នៅរូបភាពអសកម្មមួយចំនួនដូចជាការកាត់បន្ថយរឿងគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៌ ដើម្បីអោយស្របទៅនិងយុទ្ធនាការ ស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុននេះ។ របៀបវារៈទី៣ អង្គប្រជុំបានពិនិត្យទៅលើការគ្រោងនូវថវិកាបឋមដើម្បីពិភាក្សានិងស្វែងរកអ្នកជំនាញបន្ថែមទៀតយកមកធ្វើការលំអិតទៅលើថវិកាបឋមដែលគ្រោងដំណើរការដល់ឆ្នាំ២០២៣ មុនព្រឹត្តិការណ៌ អំឡុងពេលព្រឹត្តិការណ៌ និង ក្រោយព្រឹត្តិការណ៌ស៊ីហ្គេម ។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម បណ្ឌិត ថោង ខុន បានណែនាំអោយគណកម្មការវប្បធម៌ បរិស្ថាន និង អប់រំកីឡា រៀបចំបើកសិក្ខាសាលាប្រកាសបើកយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខក្នុង១ជីវិត និង យុទ្ធនាការកម្ពុជាស្អាត និងបដិសណ្ឋាកិច្ចល្អ ដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៌ស៊ីហ្គេមអោយប្រទេសជាសមាជិក ដែលត្រៀមចូលរួមក្នុងព្រឹត្តិការណ៌ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍កំណត់ត្រាប្រវត្តិសាស្រ្តរបស់កម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ អោយបានទូលំទូលាយ និងដើម្បីបង្ហាញអោយអន្តរជាតិបានឃើញពីភាពវិជ្ជមាន និងការអភិវឌ្ឍន៍ សន្តិភាព របស់ប្រទេសកម្ពុជា៕