តៃវ៉ាន់​ឆេះដុំ ក្រោយ​យន្តហោះ​ចិន​ហោះ​កាត់​ខ្សែ​ខណ្ឌ​ចែក​ទឹកដី​

(​តៃវ៉ាន់)៖ នៅ​ថ្ងៃទី​៣១ ខែមីនា បាន​រិះគន់​ចិន​យ៉ាងខ្លាំង បន្ទាប់ពី​យន្តហោះ​ចម្បាំង​ពីរ​គ្រឿង​នៃ​កងទ័ព​ជើង​អាកាស​ចិន​ហោះ​កាត់​ខ្សែ​ខណ្ឌ​ចែក​ទឹកដី​ទាំងពីរ​ខាងលើ​ច្រក​សមុទ្រ​តៃវ៉ាន់​។ ក្រុង​តៃប៉ិ​ចាត់ទុក​សកម្មភាព​ជាកា​រ​បង្ករឿង​ដ៏​ព្រហើន​។ វត្តមាន​របស់​យន្តហោះ​កងទ័ពអាកាស​ចិន កើតឡើង​ក្រោយ​អាមេរិក​បញ្ជូន​នាវាចម្បាំង​ពីរ​គ្រឿង​បើក​កាត់​ច្រក​សមុទ្រ​មួយ​នេះ​ដែល​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ក្ដៅស្លឹកត្រចៀក​យ៉ាងខ្លាំង​។
ក្រសួងការបរទេស​តៃវ៉ាន់ បានប្រកាស​នៅ​ថ្ងៃទី​៣១ ខែមីនា ថា យន្តហោះ​ចម្បាំង​ពីរ​គ្រឿង​ធុន J-11 របស់​កងទ័ព​ជើង​អាកាស​នៃ​កងទ័ព​រំដោះប្រជាជន​ចិន បាន​បំពាន​កិច្ចព្រមព្រៀងទ្វេភាគី​តាមរយៈ​ការហោះ​ឆ្លងកាត់​ខ្សែ​ខណ្ឌ​ចែក​ទឹកដី​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។ ក្រសួងការបរទេស​តៃវ៉ាន់​ហៅ​ទង្វើ​របស់​កងទ័ព​ចិន ជា​សកម្មភាព​ដែល​ធ្វើឡើង​ដោយមាន​បំណង ជា​គឃ្លើន និង​បង្កហេតុ ហើយ​តៃវ៉ាន់​ថ្កោលទោស និង​បាន​ជូនដំណឹង​នេះ​ទៅកាន់​ដៃគូ​ក្នុង​តំបន់​របស់ខ្លួន​រួចហើយ​។​

​ប្រឈមមុខ​នឹង​វត្តមាន​យន្តហោះ​ចម្បាំង​ចិន តៃវ៉ាន់​ក៏បាន​បញ្ជូន​យន្តហោះ​ចម្បាំង​របស់ខ្លួន​ទៅកាន់​ដែនអាកាស​ដែល​រង​ការបំពាន និង​បាន​ព្រមាន​យោធា​ចិន​ផងដែរ​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងការពារជាតិ​តៃវ៉ាន់​។

​តាមពិតទៅ ការបញ្ជូន​យន្តហោះ​ទៅ​កៀក​កោះ​តៃវ៉ាន់​ពី​សំណាក់​ក្រុង​ប៉េកាំង មិនមែនជា​រឿង​ចម្លែក​ឡើយ តែ​ការហោះ​ឆ្លងកាត់​ខ្សែ​ខណ្ឌ​ចែក​ទឹកដី​បែបនេះ ជា​រឿង​កម្រ​មួយ​។ សារព័ត៌មាន​តៃវ៉ាន់​ផ្សាយ​ថា សកម្មភាព​បំពាន​បែបនេះ​ចុងក្រោយ​កើតឡើង​កាលពី​ឆ្នាំ​២០១១ ។ ជា​ញឹកញយ ក្រុង​ប៉េកាំង ដែល​គំរាម​ប្រើ​ទ័ព​ដើម្បី​គ្រប់គ្រង​តៃវ៉ាន់​នោះ តែង​បានបង្ហាញ​សាច់ដុំ​យោធា​របស់ខ្លួន​ដើម្បី​កំញើញ​គូប្រជែង​របស់ខ្លួន​។

​ដ្បិត​ជា​ដែនទឹក​អន្តរជាតិ​មែន ច្រក​សមុទ្រ​តៃវ៉ាន់ ក្លាយជា​ទីតាំង​សម្ញែង​សាច់ដុំ​រវាង​ចិន និង​អាមេរិក​ដែល​ចាំ​គាំទ្រ​តៃវ៉ាន់​។ ជាការ​កត់សម្គាល់ ឲ្យ​មាន​នាវាចម្បាំង​អាមេរិក​បើក​កាត់​តំបន់​នោះ ចិន​នឹង​បញ្ជូន​យន្តហោះ​របស់ខ្លួន​ឆ្វែល​តាម​ក្រោយ​ផងដែរ​។ មួយ​សប្ដាហ៍​មុន អាមេរិក​ទើប​បញ្ជូន​នាវា​ពិឃាត​មួយគ្រឿង និង​កប៉ាល់​មួយគ្រឿង​ទៀត បើក​ឆ្លងកាត់​ដែនទឹក​នេះ ដែល​នេះ​ទំនងជា​មូលហេតុ​ដែល​ចិន​បញ្ជូន J-11 ទៅកាន់​តែ​កៀក​តៃវ៉ាន់​វិញ​។​

​ទោះ​ទទួលស្គាល់​ចិន​មែនពិត អាមេរិក​នៅតែ​បន្ត​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ និង​ធ្វើជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់​ដែន​កោះ​មួយ​នេះ​ដែល​ប្រឈមមុខ​នឹង​ការ​គំរាម​របស់​ចិន​រាល់ថ្ងៃ​។ រដ្ឋបាល​អាមេរិក​រាល់​សិប​ជំនាន់​មកហើយ​ដែល​បន្ត​ផ្គត់​ផ្គង​អាវុធយុទ្ធភណ្ឌ​ដល់​តៃវ៉ាន់​សម្រាប់​ទុក​ការពារ​ខ្លួន​។ កាលពី​ខែ​ដើមខែ​មីនា តៃវ៉ាន់​បានស្នើ​ទិញ​យន្តហោះ​ចម្បាំង​ថ្មីៗ​ពី​អាមេរិក​ដើម្បី​ជំនួស​យន្តហោះ​ចាស់ៗ​របស់ខ្លួន​។ ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen អះអាងថា អាមេរិក​ឆ្លើយតប​ដោយ​វិជ្ជមាន​នឹង​សំណើ​នេះ​។​

​គម្រោង​ផ្លាស់ប្ដូរ​យន្តហោះ​នេះ មាន​ជា​យូរហើយ​ដែរ​ព្រោះ​ចិន​បាន​ប្រឹងប្រែង​អភិវឌ្ឍ​អានុភាព​អាកាស​របស់ខ្លួន​យ៉ាងខ្លាំង​ដែរ ប៉ុន្តែ​អាមេរិក​ហាក់​ស្ទាក់ស្ទើរ​។ តាំងពី​ឆ្នាំ​២០០២ ក្រុង​វ៉ាស៊ីនតោន​បាន​បដិសេធ​សំណើ​របស់​តៃវ៉ាន់​រហូត ដោយ​ទំនង​បារម្ភ​ពី​ជំហរ​របស់​ចិន​៕