សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអគ្គិភ័យ និងគ្រោះធម្មជាតិខ្យល់កន្ត្រាក់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយដោយអគ្គិភ័យ ក្នុងឱកាសែនឆេងម៉េងប្រពៃណីចិន ក៏ដូចក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​​​ និងត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងរន្ធះ នៅរដូវចាប់ផ្តើមភ្លៀងនេះ។

សម្តេចតេជោ បានក្រើនរឭកបែបនេះតាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ថា ​​​«ចំពោះការដុតធូប, ដុតទៀន, ដុតក្រដាស់ និងដុតរបស់របរផ្សេងៗសម្រាប់សែន សូមមានការប្រុងប្រយ័ត្នខ្ពស់។ មុននឹងដើរចេញ គឺត្រូវពន្លត់ និងពិនិត្យឲ្យបានច្បាស់លាស់ ចៀសសវាងការឆាបឆេះ ដែលបង្កជាអគ្គីភ័យធំ ព្រោះក្នុងរយៈពេលចុងក្រោយនេះ មានអគ្គីភ័យបានឆាប់ឆេះនៅកន្លែងមួយចំនួន ដែលបណ្តាលមកពីទុស្សេខ្សែភ្លើង ដែលខាងអគ្គិសនីកម្ពុជា ត្រូវតែយកចិត្តទុកដាក់ឲ្យមែនទែន និងម្ខាងទៀងបង្កឡើងដោយការដុតធូប, ដុតទៀន, ដុតក្រដាស់សែន… ដែលបានកើតឡើងដោយសារតែការធ្វេសប្រហែស»។

ចំណែកគ្រោះធម្មជាតិ ដែលកើតឡើងនៅក្នុងរដូវចាប់ភ្លៀងនៅក្នុងឆ្នាំនេះវិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាខ្យល់កន្ត្រាក់ និងរន្ទះ ដែលអាចកើតមាននៅពេលមានភ្លៀងធ្លាក់ ដែលធ្វើឲ្យតំបន់មួយចំនួនមានការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ចូលរួមកាសោកស្តាយចំពោះបញ្ហាគ្រោះធម្មជាតិ ដែលបានកើតឡើង និងបានអំពាវនាវដល់យកាកបាទក្រហមកម្ពុជា និងផ្នែកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ជួយជាបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលជួបរងគ្រោះទាំងនោះ។ ពិសេសកងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវជួយអន្តរគមន៍ភ្លាមៗនៅតាមទីកន្លែង ដែលមានគ្រោះធម្មជាតិនេះ ហើយត្រូវជួយរៀបចំផ្ទះសម្បែងពួកគាត់ឡើងវិញ ទៅតាមលទ្ធភាពដែលអាចធ្វើទៅរួច។

សម្តេចតេជោ បានសរសេរថា «សុំកុំទុកឲ្យប្រជាពលរដ្ឋរបស់យើងជួបការលំបាក ដែលនេះជាបញ្ហាដែលថ្នាក់មូលដ្ឋានត្រូវបន្តតាមដានឲ្យជាប់លាប់ជាប្រចាំ ពិសេស ប្រជាពលរដ្ឋគ្រប់រូបក៏ត្រូវមានការប្រុងប្រយ័ត្នដោយខ្លួនឯង នៅពេលដែលមានខ្យល់ និងភ្លៀងធ្លាក់ គឺមិនត្រូវធ្វេសប្រហែសឡើយ»៕