សម្តេចតេជោ ហ៊ុន​​​ សែន៖ ខេត្តកំពត​​​ គឺជាតារារះ នៅទិសនិរតី របស់កម្ពុជា

(កំពត)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ថា តាមរយៈសុខសន្តិភាព និងការអភិវឌ្ឍន៍ ខេត្តកំពត​​​ នឹងក្លាយជាតារារះ នៅទិសនិរតី របស់ព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត ដែលត្រូវបានសាងសង់ឡើង ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន ដោយចំណាយថវិកាអស់ជាង២៦លានដុល្លារ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូរ​តូច សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត។

សម្តេចតេជោ ហ៊ុន សែន​​​ បានមានប្រសាសន៍ទៀតថា ទៅថ្ងៃអនាគត ខេត្តនឹងមានកំពង់ផែទឹកជ្រៅ ដែលអាចឲ្យនាវាធំៗចូលចត​​​ដាក់ និងផ្ទុកទំនិញសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

តាមរយៈប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ នឹងជួយឲ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត មានសមត្ថភាពផលិតទឹកស្អាតសរុប ប្រមាណ១៣,២៦០ម៉ែត្រគូបក្នុងមួយថ្ងៃ គឺស្មើនឹងជាង២ដងនៃសមត្ថភាពផលិតពីមុន។ វត្តមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ រួមជាមួយបណ្តាញចែកចាយសរុបប្រវែង១៧៦.៩គីឡូម៉ែត្រ ធ្វើឲ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត អាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាត ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ជូនប្រជាពលរដ្ឋនៅក្រុងកំពត និងស្រុកទឹកឈូ សរុបជាង១៣,០០០គ្រួសារ ដោយគិតជាថ្លៃមធ្យម១៤០០រៀលក្នុងមួយម៉ែត្រគូប។

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ក៏ជាការរួមចំណែកធ្វើឲ្យយអង្គភាពរដ្ឋាករទឹកខេត្តកំពត សម្រេចបាននូវគោលនយោបាយរបស់រដ្ឋាភិបាល ដែលបានកំណត់ថា «ត្រូវពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០ភាគរយ ត្រឹមឆ្នាំ២០២៣ និង១០០ភាគរយ ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា»។

ប្រធាន​រដ្ឋាករទឹក​ស្វយ័ត ខេត្តកំពត លោក ទី គាន បាន​ឲ្យ​ដឹងថា គម្រោង​ពង្រីក​ប្រព័ន្ធ​ទឹកស្អាត ដែលជា​ជំនួយ​របស់​ជប៉ុន​នេះ អាច​ផលិត​ទឹកស្អាត​បានល្អ និង​ធ្វើ​ឲ្យ​បរិស្ថាន​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​ក្រុង​កំពត បាន​ប្រសើរ​ជាង​មុន​។ ក្នុងនោះ ចាប់តាំងពី​រោងចក្រ​ផលិត​ទឹកស្អាត​កំពត បានដាក់​ដំណើរការ រហូតមកដល់​ពេលនេះ មាន​ប្រជាពលរដ្ឋ​ជាង២០០០គ្រួសារ​ហើយ ដែល​បាន​ត​បណ្ដាញ​ទឹកស្អាតនេះយកទៅ​ប្រើប្រាស់​ប្រចាំថ្ងៃ​៕