តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ ផែង វណ្ណៈ ចូល​បង្ហាញខ្លួន ឲ្យ​បាន​មុន​ថ្ងៃទី​៣០​មេសា តាម​បណ្តឹង​របស់ Fresh News

(​ភ្នំពេញ​)៖ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង បានចេញ​ដីកា​បញ្ជា​ឲ្យ​លោក ផែង វណ្ណៈ ចូលខ្លួន នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​បាន​មុន​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ តាមរយៈ​ទំព័រ ហ្វេ​ស​ប៊ុ​ក ដែលមាន​ឈ្មោះ Pheng Vannak News កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩​។​

​អង្គភាព​សារព័ត៌មាន Fresh News បានដាក់​ពាក្យបណ្តឹង ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ប្តឹង​បុគ្គល ផែង វណ្ណៈ បន្ទាប់ពី​បុរស​នេះ បាន​បរិហារ​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​ថា Fresh News ផ្សាយ​តែ​ព័ត៌មាន ដែល​បាន​លុយ និង​បាន​ផលប្រយោជន៍​ប៉ុណ្ណោះ​។ Fresh News ប្តឹង​ទាមទារ​សំណង​ពី​ផែង​វណ្ណៈ ចំនួន ៥០​ម៉ឺន​ដុល្លារ​។

បុគ្គល ផែង វណ្ណៈ ក៏ត្រូវបាន​ឯកឧត្តម ពេជ្រ ស្រស់ ប្រធានគណបក្ស​​យុវជន​កម្ពុជា និងជាសមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និងផ្តល់យោបល់ ប្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹង​ការចេញមុខតំណាង​ឲ្យក្រុមគ្រួសារ​ជនល្មើស យកលុយ ៥០០០ ដុល្លារ ទៅចូលបុណ្យសពជនរងគ្រោះ ក្នុងករណី បើកឡានបុកមនុស្សស្លាប់ផងដែរ។ បណ្តឹងនេះ ត្រូវបាន​អង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបសួរ​នៅ​ថ្ងៃទី​០២ ខែមេសា ឆ្នាំ២០១៩៕