មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី៖ ខេត្តសៀមរាបមានសក្តានុពលខ្លាំង និងជាតំបន់ប៉ូលសេដ្ឋកិច្ចបន្ទាប់ពីរាជធានីភ្នំពេញ

សៀមរាប៖ លោកបណ្ឌិត ឌុច វនទីតូ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ខេត្តសៀមរាបមានសក្តានុពលយ៉ាងខ្លាំង បើប្រៀបទៅនឹងខេត្តនានាទូទាំង ប្រទេស និងជាតំបន់ប៉ូលសេដ្ឋកិច្ច បន្ទាប់ពីរាជធានីភ្នំពេញ។

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដី នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប សម្រាប់ការអភិវឌ្ឍ និងការអភិរក្សប្រកបដោយចីរភាព នៅសាលាខេត្តសៀមរាប។

លោក ឌុច វនទីតូ បានថ្លែងថា ពាក់ព័ន្ធការរៀបចំប្លង់គោលនៅក្រុងសៀមរាប គឺមានគោលដៅយ៉ាងសំខាន់ៗដូចជា ការធ្វើឲ្យប្រជាពលរដ្ឋមានទីកន្លែងស្នាក់នៅ មានទីតាំងសម្រាប់ធ្វើការងារ ការផ្សារភ្ជាប់អំពីការដឹកជញ្ជូន និងចរារចណ៍ និងមានកន្លែងកំសាន្តជាដើម ដូច្នេះការកំណត់ប្លង់គោល យើងបានកំណត់ចក្ខុវិស័យយ៉ាងច្បាស់លាស់ នៅគ្រប់តំបន់ទាំងអស់នៅទូទាំងប្រទេស។

អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តថា ការនុវត្តន៍ប្លង់គោលនេះនៅខេត្តសៀមរាប ជាពិសេសនៅទីក្រុងសៀមរាប គឺជាទីក្រុងពាណិជ្ជកម្ម និងទេសចរណ៍ ដែលមានគុណភាពបរិស្ថានរស់នៅ ប្រកបទៅដោយសុខុមរមនាល្អ តាមរយៈការអភិវឌ្ឍទីក្រុង ដែលមានសកម្មភាពពាណិជ្ជកម្ម អាចទាក់ទាញការវិនិយោគបាន និងមានឧស្សាហកម្មខ្នាតតូច មធ្យម នឹងជាខេត្តមានសក្តានុពលយ៉ាងខ្លាំង បើប្រៀបទៅនឹងខេត្តនានាទូទាំងប្រទេស ដូច្នេះពាក់ព័ន្ធនឹងប្លង់គោលនេះ ក៏បានលើកឡើងពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ដីធ្លី យុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអទិភាពផ្សេងៗផងដែរ៕