សូ ដានីតា និង វ៉ាន់ នីឡា និយាយបែបនេះពីរឿងនារីដែលលោតទឹកសម្លាប់ខ្លួន

ក្រោយពីកម្លាំងសមត្ថកិច្ចរកឃើញសាកសពនារីម្នាក់ដែលបានលោតទឹកសម្លាប់ខ្លួន រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរួចមក ស្រាប់តែតារាចម្រៀង វ៉ាន់ នីឡា ​និង សូ ដានីតា បានព្រលយសារក្នុងន័យជារួមថា “ជីវិតនេះគួរតែតស៊ូឱ្យដល់ទីបំផុត ពុំគួរគិតខ្លីនោះឡើយ”

(វត្ថុតាងបន្សល់ទុក ក្រោយលោតទឹកសម្លាប់ខ្លួន)

តារាចម្រៀង សុខ ចិន្ដា ហៅ វ៉ាន់នីឡា បានសរសេរឃ្លាភ្ជាប់ទៅរឿងហេតុខាងលើឱ្យដឹងថា៖ “ ហ្អើយ….ម្នាក់ៗគិតរកតែសេចក្តីស្លាប់ គិតផលអវិជ្ជមាន ធ្វើខ្លួនឯងឱ្យកាន់តែស្មុគស្មាញ បើមិនខ្វល់ពីក្រុមគ្រួសារក៏គួរតែស្តាយឡេ ស្តាយសម្រស់ដែលខំសម្រិតសម្រាំងដុសខាត់តាំងពីយូរ មកចង់ផ្តាច់សង្ខាត្រឹមតែមួយភ្លែត”

ដោយឡែក តារាបង្ហាញម៉ូដនិងសម្ដែងរាងស្រឡូនខ្ពស់ស្រឡះ សូ ដានីតា ​បានឱ្យដឹងថា៖ “រឿងជីវិត ដូចរឿងនិទាន តែអ្វីដែលអាចស៊ូបាន គឺត្រូវតែរស់ ទោះរស់ក្នុងកម្មពារទេវនាចិត្ត ឬមានបន្ទុកឆ្ងន់យ៉ាងណា ក៏ត្រូវតែទ្រាំរស់ទទួលកម្មនោះ ព្រោះបើស្លាប់ហើយ បើមានជាតិក្រោយ យើងនឹងកើតមកទទួលកម្មនោះដដែល ចឹងយើងទ្រាំទៅទទួលនឹងបញ្ចប់កម្មនោះ ក្នុងជាតិនេះឱ្យអស់ ហើយជាតិក្រោយ យើងផ្សងទៅ កុំឱ្យជួបមនុស្សចឹងទៀត …!!! រៀនទទួលអ្វីដែលយើងសាង ដែលយើងធ្វើ កុំចាកចេញចោលនូវអ្វីដែលយើងបានធ្វើរួចហើយ ត្រូវតស៊ូមើលថែ បន្តព្យាយាមបញ្ចប់កម្មរៀងៗខ្លួន ព្រោះមនុស្សម្នាក់ៗគឺសុទ្ធតែមានកម្ម គ្រាន់តែតិចនិងច្រើន !!!”

គួរបញ្ជាក់ឱ្យដឹងថា កាល​ពីម៉ោង ៣ ទាបភ្លឺថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ ២០២០ មានករណីនារីស្រស់សោភាម្នាក់បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ។ ចំពោះព័ត៌មានលំអិតនៃការធ្វើអត្តឃាតនេះ នូវមិនទាន់មានប្រភពបកស្រាយចម្ងល់ឱ្យបានច្បាស់លាស់នៅឡើយទេ៕

ដោយ៖ ភូមិន្ទ