ត្រឹមតែមួយថ្ងៃ សមត្ថកិច្ចខេត្តពោធិ៍សាត់ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ២នាក់ដាច់ដោយឡែកពីគ្នា ក្នុងករណីអំពើហិង្សា ដោយចេតនា

(ពោធិ៍សាត់) ៖ ត្រឹមតែរយៈពេល 1 ថ្ងៃប៉ុណ្ណោះសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ដាច់ដោយឡែកពីគ្នានៅក្នុងអំពើហិង្សាដោយចេតនាទៅលើជនរងគ្រោះ ។

ករណីទីមួយបានកើតឡើងនៅវេលាម៉ោង 9:00 15 នាទីថ្ងៃទី 12 កញ្ញា 2020កន្លងទៅនៅចំណុចភូមិកោះ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

នៅក្នុងហេតុការណ៍ខាងលើនេះសមត្ថកិច្ចនគរបាលស្រុកបាកានបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្នុងហេតុការណ៍អំពើហិង្សាដោយចេតនាទៅលើជនរងគ្រោះគ្រាដែលជនសង្ស័យធ្វើសកម្មភាពដោយយកជំពាមកៅស៊ូបាញ់ទៅលើក្បាលជនរងគ្រោះបណ្ដាលឲ្យរងរបួសស្រាលផងដែរ ។

អធិការនគរបាលស្រុកបាកានបានឲ្យដឹងថាជនសង្ស័យធ្វើសកម្មភាពយកជំពាមកៅស៊ូបាញ់ក្បាលជនរងគ្រោះមានឈ្មោះស្អែកវ៉ាន់ភេទប្រុសអាយុ 38 ឆ្នាំជនជាតិខ្មែរដោយឡែកជនរងគ្រោះឈ្មោះសោមសុផាន់ភេទប្រុសអាយុ 38 ឆ្នាំជនជាតិខ្មែរអ្នកទាំង 2 មានទីលំនៅជាមួយគ្នាខាងលើ ។

នៅក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនរួមនឹងវត្ថុតាងកសាងសំណុំរឿងបញ្ជូនបន្តមកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការតាមនីតិវិធីផងដែរ ។

ដោយឡែកករណីអំពើហិង្សាដោយចេតនាមួយផ្សេងទៀតបានកើតឡើងនៅវេលាម៉ោង 06និង15ថ្ងៃទី 12 កញ្ញា 2020នៅចំណុចភូមិព្រែកស្ដីសង្កាត់លលកសក្រុងនិងខេត្តពោធិ៍សាត់ ។

អធិការនគរបាលក្រុងពោធិ៍សាត់ក៏បានឲ្យដឹងផងដែរថាសង្ស័យក្នុងអំពើហិង្សាដោយចេតនាខាងលើនេះមានឈ្មោះ សិុមដូច ភេទប្រុសអាយុ 25 ឆ្នាំដោយឡែកជនរងគ្រោះមានឈ្មោះ ឡិបប្រុស ភេទប្រុសអាយុ 33 ឆ្នាំអ្នកទាំង 2 មានទីលំនៅជាមួយគ្នាភូមិសង្កាត់ខាងលើ ។

សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងទៀតថាជនសង្ស័យខាងលើបានដេញកាប់ជនរងគ្រោះតែមិនបានសម្រេចបែរជាកាប់ម៉ូតូនគរបាលប៉ុស្តិ៍បណ្ដាលឱ្យរងការខូចខាតអស់ 1 គ្រឿង។

ក្រោយពេលកើតហេតុកម្លាំងអធិការនគរបាលក្រុងការជាមួយនគរបាលប៉ុស្តិ៍ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យនិងអំពើហិង្សាខាងលើដោយសមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងដាវ 1 ដើមកំភ្លើងកែឆ្នៃបាញ់ខ្យល់ពីដើមមានគ្រាប់កង់បំពង់ទីបមួយកំណាត់កាំបិតចុងស្រួចផងដែរ ។

ស្នងការរងនគរបាលខេត្តពោធិ៍សាត់ទទួលបន្ទុកផែនកណ្តាលនិងយុត្តិធម៌លោកឧត្តមសេនីយ៍ត្រី ម៉ូលីដា បានឲ្យដឹងតាមរយះទូរសព្ទថាជនសង្ស័យក្នុងអំពើហិង្សាដោយចេតនាទាំងពីរនាក់ខាងលើសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីផងដែរគ្រាដែលជនសង្ស័យទាំង 2 នាក់ខាងលើមានប្រើប្រាស់នូវសារធាតុញៀនផងដែរ ៕ ដោយ សុក្ខារិន