រំភើបចិត្តក្រោយពេលបានអានសាររបស់ ឱក សុគន្ធកញ្ញា ជូនទៅអ្នកម្ដាយក្នុងថ្ងៃខួបកំណើត

១៤ កញ្ញា គឺជាថ្ងៃខួបកំណើតជារៀងរាល់ឆ្នាំរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ។ ក្នុងឱកាសគម្រប់អាយុ ៣៣ ឈានចូល ៣៤ ឆ្នាំនេះ ដើម្បីជាការសម្ដែងនូវកតញ្ញូតាធម៌ជូនអ្នកម្ដាយ ឱក សុគន្ធកញ្ញា បានបញ្ចេញសាររៀបរាប់ជាច្រើនបង្ហាញពីព្រហ្មវិហារធម៌របស់អ្នកម្ដាយចំពោះរូបនាង។

នៅក្នុងគណនីផេកផ្លូវការរបស់កំពូលតារារូបនេះ នាងបានបង្ហោះនូវរូបភាពស្និទ្ធស្នាលជាមួយអ្នកម្ដាយ អមដោយខ្លឹមសារថា៖ “ថ្ងៃនេះ កាលពីជាង៣០មុន មនុស្សស្រីម្នាក់នេះ កំពុងតែទ្រាំនូវការឈឺចាប់ អារម្មណ៍ភ័យខ្លាចត្រូវបង្កើតកូនដំបូងម្នាក់ បន្ទាប់មកត្រូវមានទំនួលខុសត្រូវ បីបាច់ថែរក្សា ស្រឡាញ់ ថ្នាក់ថ្នម ការពារគ្រប់កាលៈទេសៈ បារម្ភខ្លាចកូនមិនល្អ រឹងមាំមិនគ្រប់គ្រាន់ នៅក្បែរ កំដរកូនគ្រប់ពេល ហើយធ្វើជាអ្នកគាំទ្រតែម្នាក់បើទោះជាពេលនោះគ្មានអ្នកណា ក៏មិនបង់ចោលដែរ មនុស្សស្រីម្នាក់នេះជាម្ដាយ ដែលបានបង្កើតក្មេងស្រីម្នាក់ជា ឱក សុគន្ឋកញ្ញា ម្នាក់នេះ អរគុណអ្នកម្តាយដែលតែងតែផ្តល់នូវអ្វីៗគ្រប់យ៉ាងដល់កូន អរគុណអ្នកម្ដាយតែងតែធ្វើអ្វីៗទាំងអស់ដើម្បីតែកូន ជីវិតនេះអ្នកលំបាកពេកហើយ សង្ឃឹមថាយើងនិងបានជួបជុំគ្នាវិញឆាប់ៗ”

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះឡើយ ដែលកំពូលតារាចម្រៀងរូបនេះ បង្ហាញពីព្រហ្មវិហារធម៌ដ៏ធំធេងរបស់អ្នកម្ដាយចំពោះរូបនាង។ ប៉ុន្តែកន្លងមក តារារូបនេះមិនដែលលើកពីឪពុករបស់អ្នកនាង មកនិយាយជាសាធារណៈម្ដងណាឡើយ ដោយមូលហេតុគឺនាងធ្លាប់បានព្រលយថា ឪពុកម្ដាយរបស់នាងបែកបាក់គ្នាតាំងពីនាងនៅក្មេង ដែលជាហេតុធ្វើឱ្យនាងមិនសូវមានអារម្មណ៍ស្និទ្ធស្នាលជាមួយឪពុក៕

ដោយ៖ ភូមិន្ទ