ក្រសួងសុខាភិបាលធ្វើចត្តាឡីស័កកងទ័ពមួកខៀវ១៣៩ នាក់ដែលទើបវិលត្រឡប់ពីម៉ាលី

(ភ្នំពេញ)៖ កងទ័ពមួកខៀវចំនួន ១៣៩ នាក់ ដែលទើបវិលត្រលប់មកពីប្រទេសម៉ាលី កាលពី​យប់ថ្ងៃទី ១៣ ខែកញ្ញា ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក។

កងយោធាមួកខៀវកម្ពុជាចំនួន១៣៩ នាក់ ក្នុង​នោះ​នារី​ចំនួន​១១​នាក់ បាន​ធ្វើ​ដំណើរ​ត្រឡប់​មកដល់កម្ពុជាវិញ ក្រោយបញ្ចប់បេស​ក​កម្ម​រក្សា​សន្តិ​​ភាព​ក្រោម​ឆត្រអង្គការ​សហ​ប្រ​ជា​ជាតិ​នៅ​សាធារណរដ្ឋម៉ាលីរយៈពេលមួយឆ្នាំ។

កម្មវិធីទទួលស្វាគមន៍ការវិលត្រឡប់របស់កងកម្លាំងយោធាមួកខៀវទាំងនេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិភ្នំពេញ។

លោក អោក សៀង អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជា​អនុ​ប្រធាន​គណៈ​កម្ម​ការ​ការ​ងារ​កូវីដ-១៩ នៃមជ្ឈមណ្ឌលជាតិ​រក្សាសន្តិភាព បាន​ថ្លែងថា កង​យោធាមួកខៀវកម្ពុ​ជាទាំងនេះ ត្រូវ​បញ្ជូន​ទៅ​ធ្វើចត្តាឡីស័កនៅ​វិទ្យាស្ថាន​ហ្វឹក​ហ្វឺន​កង​កម្លាំងរក្សាសន្តិភាព បណ្តុះបណ្តាលបោសសំអាតមីន និង​កាក​សំណល់​សង្គ្រាម​នៅ​ស្រុក​ឧដុង្គចំនួន៤៥នាក់ និងនៅសាលាហ្វឹកហ្វឺនកងកម្លាំង​ពហុសាន៍ ស្ថិតក្នុង​ស្រុក​ភ្នំ​ស្រួច ខេត្តកំពង់ស្ពឺ ចំនួន៩៤នាក់។

កាលពីថ្ងៃទី១១កញ្ញា កងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន២កង មានកង​អនុសេនា​ធំ​វិស្វ​កម្មព្រលានយន្តហោះ និងកងអនុសេនាធំកងម្ទេចគ្រាប់មានចំនួនសរុប២១៨នាក់ ក្នុង​នោះ​មាននារី១៨នាក់ បាន​ចេញ​ដំណើរ​ទៅ​បំពេញ​បេសក​កម្ម​អង្គការសហ​ប្រជា​ជាតិ​នៅ​សាធារណរដ្ឋម៉ាលី ដើម្បីប្តូរវេនឱ្យ​កង​កម្លាំង​ទាំង​១៣៩​នាក់​នេះ​ត្រឡប់​មក​កម្ពុជា​វិញ​។

កម្ពុជាមានកងកម្លាំងរក្សាសន្តិភាពសរុបជាង៦រយនាក់ កំពុង​បំពេញ​បេសកកម្មរក្សា​សន្តិ​ភាពអង្គការសហប្រជាជាតិ នៅ​តាម​បណ្តា​ប្រទេសចំនួន៤ រួមមានប្រទេសម៉ាលី ប្រទេសស៊ូដង់ខាងត្បូង ប្រទេសអាហ្វ្រិកកណ្ដាល និង​ប្រទេស​លី​បង់​ជាដើម ខណៈ​ស្ថាន​ភាព​វិបត្តិជំងឺកូវីដ១៩ នៅតាមបណ្តាប្រទេសទាំង៤នោះ កំពុង​តែរីក​រាលដា​ល​នៅ​ឡើយ​៕

សកម្មភាពទទួលកងទ័ពមួកខៀវដែលទើបមកពីប្រទេសម៉ាលី

(ដោយ៖ ឡេង ដេត)