អាមេរិក​ផ្តល់ប្រាក់​២​លាន​ដុល្លារ សម្រាប់​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​

ភ្នំពេញ​៖ អាមេរិក​បានផ្ដល់​ថវិកា​២​លាន​ដុល្លារ​ដល់​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (CMAC)  សម្រាប់​ប្រតិ​ប​តិ្ត​ការ​បោសសម្អាត​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ជាពិសេស​គឺ​សម្អាត​គ្រាប់បែក​ចង្កោម​នៅ​កម្ពុជា​។​ថវិកា​នេះ សម្រាប់​អនុវត្ត​គម្រោង​រយៈពេល​១២​ខែ គឺ​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់ ខែកុម្ភៈ ឆ្នាំ​២០២០​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា (CMAC)​។​

លោក ហេង រតនា បញ្ជាក់ថា ជំនួយ​នេះ​នឹង​ផ្តល់​លទ្ធភាព​ឱ្យ​CMAC អាច​រំដោះ​មីន  ឬ​គ្រាប់បែក​នៅលើ ផ្ទៃដី​២៦០០​ហិច​តា ក្នុង​ចំការ​ចង្កោម​/UX O១១៥​ចំការ  ដែល​នឹងត្រូវ​ស្រាវជ្រាវ​បច្ចេកទេស លើ​ផ្ទៃដី​ជាង​៣២០០​ហិច​តា ព្រមទាំង​ឆ្លើយតប​សំណើរ​បន្ទាន់​ចំនួន​២០០០​ករណី​។ ដើម្បី​សម្រេច​ផែនការ​ប្រតិបត្តិការ​នេះ CMAC នឹង​ប្រើប្រាស់​កម្លាំង​ប្រតិបត្តិការ​ចំនួន​ជាង ២៥០​នាក់​។
​គិត​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ខែតុលា ឆ្នាំ​២០១៧ CMAC បាន​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​លើ​ផ្ទៃដី​សរុប​ប្រមាណ ១៦៧,០០០​ហិកតា​។ ក្នុងនោះ​រួមមាន​គ្រាប់មីន​ប្រឆាំង​មនុស្ស ១,៧៧៩,០៤៦​គ្រាប់ មីន​ប្រឆាំង​រថក្រោះ ៦០,៨២៤​គ្រាប់ យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ៦,២៥៧,១០២​គ្រាប់ និង​អំបែង ៧៤១,៧១៥,៤៩១​គ្រាប់​។ ចំណែក​ទិន្នន័យ​ជនរងគ្រោះ គិត​ចាប់ពី​ឆ្នាំ ១៩៩៧ ដល់​ឆ្នាំ​២០១៧ សរុប​ទាំងអស់​មាន ៦៤,៧០៥​នាក់ ក្នុងនោះ​គ្រោះថ្នាក់​ដោយសារ​មីន​ចំនួន ៥១,០៥៦​នាក់ និង​គ្រាប់ ៦៤,៩១៣​នាក់​។ នេះ​បើតាម​របាយការណ៍ CMAC​។​
​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​របស់​រាជរដ្ឋាភិបាល​ឆ្នាំ​២០១៨-២០២៥ កម្ពុជា​គ្រោង​សម្រេច​គោលដៅ​មួយចំនួន​រួមមាន ត្រូវ​ដោះ​ផ្ទៃដី​ដែល​កំពុង​ទទួលរង​ការគំរាមកំហែង​ដោយ​គ្រាប់មីន និង​គ្រាប់បែក​ចង្កោម ឲ្យ​អស់​ក្នុង​ឆ្នាំ ២០២៥​។ ផែនការ​នេះ​ត្រូវការ​ថវិកា​គាំទ្រ​៤០០​លាន​ដុល្លារ​៕