ពួកអាល់កៃដា គម្រាមវាយប្រហារ ទីស្នាក់ការកាសែត Charlie Hebdo ទៀតហើយ

(អន្តរជាតិ)៖ ព័ត៌មានទីក្រុងប៉ារីសបានឲ្យដឹងថា ពួកអាល់កៃដា បានដាក់ការគម្រាមវាយប្រហារជាថ្មី ទៅលើទីស្នាក់ការកាសែត Charlie Hebdo ទៀតហើយ បន្ទាប់ពីពួកគេបានវាយប្រហារម្តងរួចមកហើយ កាលពីឆ្នាំ២០១៥ និងសម្លាប់បុគ្គលិកកាសែតអស់ជិត២០នាក់។

កាលពីពេលនោះ ពួកអាល់កៃដា មានការខឹងសម្បារយ៉ាងខ្លាំងចំពោះកាសែតនេះ ដែលបានចុះផ្សាយរូបត្លុកមួយ ដែលបង្ហាញពីការប្រមាថ ទៅដល់ ព្យាការីម ហាម៉ាត់ របស់សាសនិកអ៊ីស្លាម។

ពួកអាល់កាដា ទើបនឹងប្រតិកម្មទៅកាន់កាសែតនេះ ជាថ្មីម្តងទៀត ក្រោយពីកាសែតដដែល បានចុះផ្សាយរូបត្លុកប្រមាថ ព្យាការីម ហាម៉ាត់ ជាលើកទី២កាលពីដើមសប្តាហ៍នេះ។

ការចុះផ្សាយនេះ ត្រូវបានធ្វើឡើង ស្របពេលដែលតុលាការទីក្រុងប៉ារីស បាននឹងកំពុងដំណើរការកាត់ក្តី ជនជាប់សង្ស័យក្នុងករណីជនជាប់សង្ស័យ វាយប្រហារភេរវកម្មលើទីស្នាក់ការកាសែត Charlie Hebdoកាលពីឆ្នាំ២០១៥៕ ដោយ៖សារឹទ្ធ(Micheal)