បុរសម្នាក់ត្រូវរថយន្តបុកស្លាប់ហើយ ត្រូវជនឆ្លៀងឱកាសបន្លំលួចម៉ូតូទៅបាត់ទៀត

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវរថយន្តបើកបុកឱ្យស្លាប់នៅនិងកន្លែង ខណៈកំពុងតែជិះម៉ូតូ បង្ករការភ្ញាក់ផ្អើល​នៅ​ម៉ោងជិត ១ រំលង​អា​ធ្រាត​​ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០នេះ ត្រង់ចំណុចខាងត្បូងស្ពាន​ច្បារ​អំពៅ ប្រមាណ ២០០ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌ​ច្បារ​អំ​ពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ ពុធ ភេទប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មាន​លេខ ភូមិតាង៉ៅ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដោយជិះម៉ូតូ​ម៉ាកគុបជ្រុង ពណ៌ស្លែរ មានស្លាកលេខ ភ្នំពេញ 4646 មិនចាំអក្សរនៅពីមុខ ត្រូវបានចោរ​លួច​បាត់។

បើតាមប្រភពពីសាច់ញាតិបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ ធ្វើដំណើរទៅ​លេងផ្ទះ បងប្អូន នៅកោះនរារ៍ ។ តាមសភាពជាក់ស្ដែង គេអាចសន្និដ្ឋានថា មកដល់​ចំណុច​កើតហេតុ មានរថយន្ត មកពីក្រោយ បើកបរក្នុងល្បឿនយ៉ាងលឿន បានបុករួចអូសជាច្រើនម៉ែត្រ រួចរថយន្តបើកគេចបាត់ ហើយម៉ូតូជនរងគ្រោះ ត្រូវជនឆ្លៀតឱកាសលួចយកទៅបាត់ទៀត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកទីតាំងកន្លែងកើតហេតុធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យ សាច់ញ្ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណីនៅវត្តឬស្សីស្រស់៕

(ដោយ៖ ឡេង ដេត)