សម្តេចតេជោ ហ៊ុន សែន អះអាងថា គ្មានការសុំព្រះរាជទានលើកលែងទោសលើកទី៣ ឲ្យលោក កឹម សុខា (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា សម្តេចនឹងមិនសុំព្រះរាជទានលើកលែងទោសជាលើកទី៣ឲ្យលោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគារពីបទក្បត់ជាតិនោះឡើយ។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានានៅក្នុងវត្តឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រៃកព្នៅ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ។ សម្តេចតេជោ ហ៊ុន បានបញ្ជាក់យ៉ាងដូច្នេះ «អាអ្នកដែលជាប់គុករួចហើយនេះ ក៏កុំសង្ឃឹមថា នឹងមានការសុំលើកលែងទោសពី ហ៊ុន សែន នៅលើកទី៣ឲ្យសោះ»

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកងកម្លាំងសមត្ថកិច្ចចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះនៅខណ្ឌទួលគោក​នៅរំលង​អាធ្រាត្រថ្ងៃទី០២ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ លោក កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់​ពីបទសន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យមាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះត្រូវជាប់​ពន្ធនាគារ​ពី ១៥ ដល់ ៣០​ឆ្នាំ​។

ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា តាមរយៈវីដេអូនៃកិច្ចសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅអូស្ត្រាលី បានសារភាពថា លោកទទួលបានការបណ្តុះបណ្តាល និងបំពាក់បំប៉ននូវយុទ្ធវិធីមួយចំនួនពីអ្នកជំនាញការអាមេរិក ដើម្បីធ្វើការផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជាតាមកម្លាំងមហាជន។

លោក កឹម សុខា ធ្លាប់បានជាប់ពន្ធនាគារនៅឆ្នាំ២០០៦ ពី​បទ​បរិហារកេរ្តិ៍​ ហើយនៅឆ្នាំ២០១៦ តុលាការ​បាន​កាត់​ទោស​លោក​​កំបាំងមុខ​ដោយ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៥​ខែ និង​ពិន័យ​ជា​ប្រាក់ ៨០​ម៉ឺន​រៀលពី​បទ​មិន​ព្រម​បង្ហាញ​ខ្លួន​នៅ​តុលាការ។ ការជាប់ទោសទាំងពីរលើករបស់លោក កឹម សុខា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទូលថ្វាយព្រះមហាក្សត្រសុំព្រះរាជទានទោសឲ្យមានសេរីភាពឡើងវិញ។

សម្រាប់ការជាប់ទោសជាលើកទី៣ពីបទក្បត់ជាតិនេះវិញ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា នឹងមិនសុំព្រះរាជទានលើកលែងទោសទៀតនោះឡើយ៕

ប្រភព Freshnews