គ្រោះថ្នាក់ចរណ៍រថយន្តបុកម៉ូតូបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែង

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តមួយគ្រឿងបើកបុកម៉ូតូពីក្រោយបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង ៧៖៣០ នាទីយប់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតក្នុងភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះបានជិះម៉ូតូតាមផ្លូវ៥០ម៉ែត្រ​ ​ ដោយ​មានគោលបំណងទៅលេងផ្ទះមិត្តភក្តិរបស់ប្តី ខណៈពេលមកដល់ចំណុចកើតហេតុនេះ ក៏បាន​ឈប់ម៉ូតូបម្រុងឆ្លងផ្លូវ ស្រាប់តែមានរថយន្ត PAJERO SPORT ខាងលើមកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យស្រ្តីរងគ្រោះស្លាប់ភ្លាមមួយរំពេច។

​​ភាគីរថយន្ត ពាក់ស្លាកលេខ ខេមរភូមិន្ទ2 2-6327 ម្ចាស់រថយន្តត្រូវ​សមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សុខ សាន្ត ភេទប្រុស អាយុ​៤១ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១០ ផ្លូវលេខ៣៨៦ សង្កាត់បឹង​កេងកង ខណ្ឌបឹងកេងកង។

ចំណែកអ្នកបើកបរមានឈ្មោះ វណ្ណ បូរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅ ក្នុងបុរីប៉េងហួតជ្រោយចង្វា (រត់គេចខ្លួនបាត់) ។ រីឯភាគីម៉ូតូម៉ាកហុងដា ធូដេ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1HZ-2363 បើកបរដោយឈ្មោះ សឿង សុវ៉ាត ភេទស្រីអាយុ៣៤ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិអន្លូងឈើខ្លាង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្ត​កណ្តាល។ ចំណែក​សពស្ត្រីរងគ្រោះ សមត្ថកិច្ចបានធ្វើឯកសារ ប្រគល់ឲ្យក្រុមគ្រួសារយក​ទៅធ្វើបុណ្យ​តាមប្រពៃណី៕

(ដោយ៖ ឡេង ដេត)