ទម្លាយខ្សែជីវិត មុត សាវ៉ៃ ក្រោយស្ងប់ស្ថាត់ពីសិល្បៈ

អតីតបេក្ខភាពដ៏លេចធ្លោក្នុងកម្មវិធី Cambodian Idol រដូវកាលទី១ កញ្ញា មុត សាវ៉ៃ ហាក់រសាត់ឆ្ងាយពីវិស័យចម្រៀងបន្ដិចម្ដងៗ រហូតដល់មហាជនចោទជាសំណួរថា តើកញ្ញា សាវ៉ៃ ងាកទៅចាប់អាជីពថតរូបនៅភ្នំប្រុសភ្នំស្រីហើយឬយ៉ាងណា​បានជាស្ងប់ស្ងាត់យ៉ាងនេះ?

ជួបជាមួយអ្នកសារព័ត៌មាន Sky Brother Media កាលពីពេលថ្មីៗនេះ កញ្ញា មុត សាវ៉ៃ បានឱ្យដឹងថា ក្រោយពីទទួលប្រជាប្រិយភាពខ្លះៗក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក និងមានឱកាសឡើងបង្ហើរសំនៀងតាមកម្មវិធីប្រគំតន្រ្តីធំៗបានមួយរយៈពេលមក ពេលនេះកញ្ញា បានវិលត្រឡប់ទៅចាប់អាជីពជាអ្នកថតរូបនៅរមនីយដ្ឋានប្រវត្តិសាស្រ្ត ភ្នំប្រុសភ្នំស្រីវិញហើយ។ កញ្ញា បានបញ្ជាក់បន្ថែមថា ចំពោះវិស័យសិល្បៈដូចជារយាលហើយ ព្រោះមិនឃើញមានខាងអ្នករៀបចំកម្មវិធីប្រគំតន្រ្តីធំៗហៅទៅច្រៀងដូចមុនទេ ប៉ុន្តែកញ្ញា នៅតែច្រៀងតាមវង់តន្រ្តីក្នុងភូមិស្រុកដដែល។

គួរបញ្ជាក់ឱ្យដឹងថា មុត សាវ៉ៃ គឺជាអតីតបេក្ខភាពប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី១​។ បើទោះបីជាមិនមានឱកាសឆ្លងហួសទៅវគ្គកំពូលៗក៏ពិតមែន ប៉ុន្តែទឹកដមសម្លេង​និងសំនួនវោហារសព្ទចាក់ទឹកមិនលិចរបស់កញ្ញា បានទទួលការចាប់អារម្មណ៍​និងស្រឡាញ់ចូលចិត្តជាខ្លាំងពីមហាជន៕

ដោយ៖ ភូមិន្ទ