បើករថយន្តដឹកស៊ីម៉ង បុកឡំប្រឺតាកិនជាប់ រួចព្យាយាមបើករត់ បណ្តាលឲ្យមនុស្សពីរនាក់ ស្លាប់យ៉ាងអាណោចអាធ័ម

(ភ្នំពេញ)៖ នៅវេលាម៉ោង ១០យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ ដោយបុរសម្នាក់បើករថយន្តដឹកស៊ីម៉ងត៍ជ្រុលទៅបុកឡំប្រឺតាកិនជាប់ ហើយព្យាយាមបើករត់ក៏ជ្រុលទៅបុករថយន្ត២គ្រឿងទៀតរួចបានបើករត់គេចចេញពីកន្លែងកើតហេតុអូសទាំងឡំប្រឺតា រងគ្រោះជាច្រើនម៉ែត្របណ្តាលឲ្យមនុស្ស២នាក់ស្លាប់នៅកន្លែងកើតហេតុ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ឡំប្រឺតា និងរថយន្តស៊េរីទំនើបឈប់រង់ចាំភ្លើងស្តុបពណ៌ខៀវ ខណៈនោះដែរ គេបានឃើញរថយន្តដឹកស៊ីម៉ងត៍មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ3A-3667 បើកបរម្នាក់ឯងមកដល់ចំណុចកើតហេតុហើយក៏ជ្រុលទៅកិនឡំប្រឺតាជាប់ពីក្រោមរថយន្តរួចក៏ជ្រុលទៅបុករថយន្ត២គ្រឿងទៀតបណ្ដាលឲ្យរងការខូចខាត។

ចំណែកឯរថយន្តដឹកស៊ីម៉ងត៍ ដែលកិនឡំប្រឺតាជាប់ពីខាងក្រោមហើយ ព្យាយាមបើករត់គេចអូសទាំងឡំប្រឺតាទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យមនុស្ស២នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញបានចុះមកដល់ឃាត់អ្នកបើករថយន្តបង្កហេតុនាំយកទៅអធិការដ្ឋានខណ្ឌ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុដើម្បីយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ដោយ៖ Micheal