មិននៅស្ងៀម! សាន ប៊ុនធឿន និយាយថា “ខេមរៈ សិរីមន្ត អាចនឹងវ៉ាដាច់ ព្រាប សុវត្ថិ”

ក្រោយពីកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ចេញបទចម្រៀងថ្មីក្នុងផលិតកម្មថ្មីបានតែពីរបទតែប៉ុណ្ណោះ ស្រាប់តែអ្នកកាសែតល្បីឈ្មោះលោក សាន ប៊ុនធឿន​ បានចេញមុខមកនិយាយម្ដងហើយម្ដងទៀតថា បើផលិតកម្ម galaxy navatra នៅតែចេញបទ
ចម្រៀងឱ្យលោក ព្រាប សុវត្ថិ មិនល្អបែបនេះ ច្បាស់ណាស់ប្រជាប្រិយភាពលោក ខេមរៈ សិរីមន្ត នឹងវ៉ាដាច់កំពូលតារាចម្រៀងរូបនេះជាក់ជាមិនខាន។

អ្នកកាសែតរូបនេះបាននិយាយជាសាធារណៈ ក្នុងការ Live ផ្ទាល់នារសៀលថ្ងៃទី ១៤ កញ្ញា នេះឱ្យដឹងថា អាចមិនដល់រយៈពេលមួយឆ្នាំទៀតទេ ប្រជាប្រិយភាពរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ នឹងធ្លាក់ក្រោម ខេមរៈ សិរីមន្ត ព្រោះថាក្នុងរដូវកាលភ្ជុំបិណ្ឌនេះ ខេមរៈ សិរីមន្ត កំពុងផ្ទុះការគាំទ្រខ្លាំងក្នុងទ្រនំហង្សមាស។ លោកបន្ដថា បើសិនជាលោក ព្រាប សុវត្ថិ នៅមានឱកាសក្លាយជាគណកម្មការក្នុងវិធីប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោកដែលរៀបចំដោយផលិតកម្មរស្មីហង្សមាស នោះតារាចម្រៀងរូបនេះអាចមានសង្ឃឹមស្ដារប្រជាប្រិយភាពខ្លះមកវិញ ប៉ុន្តែបើគ្មានទេ ច្បាស់ណាស់ ព្រាប សុវត្ថិ នឹងធ្លាក់ចុះ។

គួរបញ្ជាក់ឱ្យដឹងថា កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានប្រកាសចាកចេញពីផលិតកម្មរស្មីហង្សមាស និង ចូលជ្រកក្នុងផលិតកម្ម Galaxy Navatra ជាផ្លូវការ កាលពីថ្ងៃទី ២៥ ខែ សីហា​កន្លងទៅនេះ។ ដំណឹងនៃការចេញចោលទ្រនំចាស់នេះ បង្កភាពភ្ញាក់ផ្អើលជាខ្លាំងក្នុងពិភពសិល្បៈ ព្រោះថាកន្លងមកកំពូលតារារូបនេះធ្លាប់បាននិយាយថា​លោកនឹងមិនទៅចោលហង្សមាសនោះឡើយ៕

ដោយ៖ ភូមិន្ទ