កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឆ្មក់បង្ក្រាបទូហ្គេមបាញ់ត្រីជនជាតិចិន ទាំងយប់

(ភ្នំពេញ)៖ នាវេលាម៉ោងប្រមាណជា ៧យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិក្បាលដំរី ទី២ សង្កាត់កាកាប ទី២ ខណ្ឌពោធិ៍សែនជ័យ កម្លាំងសមត្ថកិច្ចខណ្ឌ បានចុះឆ្មក់បង្ក្រាប ទីតាំងហ្គេមបាញ់ត្រី របស់ជនជាតិចិន មួយកន្លែង និងដកហូតបានទូហ្គេមបាញ់ត្រីមួយចំនួន តែម្ចាស់បានគេចខ្លួន។
បើតាមលោក អភិបាលរង ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋល្អ បានរាយការណ៍ ដល់អាជ្ញាធរ ទើបលោកអភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាកំលាំង ដឹកនាំផ្ទាល់ ដោយលោក អភិបាលរង ខណ្ឌពោធិ៍សែនជ័យ ចៅសង្កាត់ ចៅសង្កាត់រង ព្រមទាំងលោកមេភូមិ បានចុះប្រតិបត្តិការ ចាប់យក ទូហ្គេមបាញ់ត្រី របស់ជនជាតិចិន ដែលមានយីហោស្លាកអក្សរចិនខាងលើភ្លាមៗ។
លោកបានបន្តទៀតថា ទីតាំងហ្គេមចាញ់ត្រី ខាងលើរកម្ចាស់ទីតាំងមិនឃើញឡើយ ខណៈដែលកំពុងចុះចាប់ ដោយមានជនជាតិចិនប្រមាណ ៤ទៅ ៥នាក់ បានមកដល់ខាងមុខទីតាំងខាងលើដែរ តែនៅពេលសាកសួរ ជនជាតិចិនទាំងនោះ សុទ្ធតែបានប្រាប់ថា ពួកគាត់មិនមែនជាម្ចាស់ទីតាំងនោះឡើយ ហើយពួកគាត់ ជាអ្នកធ្លាប់មកលេង តែប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា ទីតាំងហ្គេមចាញ់ត្រីខាងលើ ទើបតែនឹងបើកបានរយៈពេល មួយសប្ដាហ៍។
ក្រោយចុះបង្ក្រាប ទូហ្គេមបាញ់ត្រី ចំនួន ៤ ទូហ្គេមតុក្កតារបស់ក្មេងលេង ចំនួន ៨ និងកៅអី ចំនួន ៣២ ត្រូវបានកំលាំងឯកភាព ខណ្ឌពោធិ៍សែនជ័យ យកដាក់រក្សាទុក នៅសាលាខណ្ឌពោធិ៍សែនជ័យ រង់ចាំការកម្ទេចចោល។ ដោយឡែក ទីតាំងខាងលើ ត្រូវបានអាជ្ញាធរ សម្រេចបិទទ្វារ ជាបណ្តោះអាសន្ន៕ ដោយ៖ Micheal