កងរាជអាវុធហត្ថស្រុកជលគីរី ធ្វើការឃាត់ម៉ូតូបំពង់ស៊ីម៉ាំង ប្រែនៗៗ ដាក់ត្រចៀក 

(កំពង់ឆ្នាំង)៖ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកជលគីរីនិងកងរាជអាវុធហត្ថស្រុកធ្វើការឃាត់ក្មេងស្ទាវជិះម៉ូតូបំពាក់បំពុងស៊ីម៉ាំងប្រែនៗៗ ។ ហេតុការខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០៩:៣០ នាទី ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរីខេត្តកំពង់ឆ្នាំង ។

សេចក្តីរាយការណ៍ពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគីរីចំនួន ០៣ នាក់ មធ្យោបាយ ម៉ូតូ ០២ គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ឹម សំណាង មេបញ្ជាការរងស្រុកជលគីរី បានចុះធ្វើការឃាត់ម៉ូតូកែច្នៃខុសលក្ខណ:បច្ចេកទេស១គ្រឿង (កែច្នៃបំពង់ស៊ីម៉ាំង) ម៉ាក MSX ពណ៌បៃតង (គ្មានស្លាកលេខ) បើកបរដោយឈ្មោះ ១-ប៊ី ចន្នី ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ ធ្វើសំណង់និងមាន ទីលំនៅភូមិឫស្សីដង្កួច ឃុំជលសារ ស្រុកជលគីរី ២-ឈ្មោះ ថាត ភូ ភេទប្រុស អាយុ ១៧ ឆ្នាំ ទីលំនៅភូមិ-ឃុំ ជាមួយគ្នា ។
នៅក្នុងកិច្ចប្រតិបត្តការខាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន :
ម៉ូតូ ០១ គ្រឿង បំពង់ស៊ីម៉ាំងកែច្នៃប្រែនចំនួន 01 ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានឃាត់និងធ្វើការអប់រំ ណែនាំនិងធ្វើកិច្ចសន្យាអោយបញ្ឈប់ធ្វើសកម្មភាពដាក់បំពង់ស៊ីម៉ាំងប្រែនទៀតហើយឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ផងដែរ។
សូមបញ្ជាក់ផងដែរថានៅថ្ងៃទី 13 កញ្ញា 2020ម្សិលមិញនេះផងដែរសមត្ថកិច្ចនគរបាលប៉ុស្តិ៍និងប្រជាការពារឃុំក្តុលសែនជ័យស្រុកទឹកផុសបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង 10 នាក់និងម៉ូតូ 5 គ្រឿងបំពាក់ដោយបំពង់ស៊ីម៉ាំងប្រែនប្រែនធ្វើអោយភ្ញៀវទេសចរណ៍មកលេងទឹកធ្លាក់ស្រែអំពិលមានការភ្ញាក់ផ្អើលផងដែរ ៕ ដោយសុក្ខារិន (យុទ្ធ)