Apple Watch Series 6 អាចនឹងមានជម្រើសពណ៌ផ្ទៃមេឃថ្មី

ក្រុមហ៊ុន Apple នឹង​ប្រារពពិធី​សម្ពោធនៅថ្ងៃទី 15 ខែកញ្ញាខាងមុខនេះ ដើម្បីធ្វើការប្រកាសចេញផលិតផលជំនាន់ថ្មី ដែល​ក្នុង​នោះ Apple អាចនឹងធ្វើការប្រកាសចេញ iPad Air ជំនាន់ចុងក្រោយ និង Apple Watch Series 6 ផងដែរ។

អ្នកចែកចាយព័ត៌មានបែកធ្លាយម្នាក់ មានឈ្មោះ L0vetodream បានធ្វើការបង្ហាញអំពីលក្ខណៈសម្បត្តិពិសេសមួយចំនួនទាក់ទងនឹង Apple Watch Series 6 ថានឹងបង្ហាញខ្លួនមកជាមួយជម្រើសពណ៌ថ្មី ថែមទៀតផង។ ជាក់ស្ដែង កាលពីពេលកន្លងទៅនេះ មានប្រភពព័ត៌មានបែកធ្លាយមួយចំនួន បង្ហាញថា iPhone 12 ក៏អាចនឹងមានបន្ថែមជម្រើសពណ៌ថ្មី គឺពណ៌ខៀវថ្មី សម្រាប់បំពេញតាមចង់បានរបស់អតិថិជនរបស់ខ្លួន។ អញ្ចឹង អាចនិយាយបានថា នាឡិកាឆ្លាតវៃ Apple Watch Series 6 ក៏អាចនឹងបន្ថែមមកជាមួយជម្រើសពណ៌ខៀវ (Blue) នេះផងដែរ។ លើសពីនេះទៅទៀត បើយោងតាមព័ត៌មានលេចធ្លាយក្នុង WatchOS 7 កន្លងមក បានបញ្ជាក់ថា Apple Watch ជំនាន់ចុងក្រោយនេះ នឹងត្រូវបានភ្ជាប់មកជាមួយមុខងារ តាមដានការគេង និងសេនស័រវាស់កម្រិតអុកស៊ីសែននៅក្នុងឈាមបានទៀតផង។

ដោយ៖ Vireak