មិននឹកស្មានថាម្ចាស់បទ “អ្នកព្រៃវែងអាក្រក់ត្រង់ណា” ជាតារាក្នុងដួងចិត្ត ម៉េង កែវពេជ្ជតា សោះ  

កំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា ស្រាប់តែលើកសរសើរនិងបង្ហាញមុខតារាថ្មោងថ្មីម្នាក់ដែលម្ចាស់បទ អ្នកព្រៃវែងអាក្រក់ត្រង់ណា? ថាជាតារាក្នុងដួងចិត្តរបស់ខ្លួន ដែលនេះគឺជារឿងដ៏កម្រព្រោះថាកន្លងមក អ្នកនាងលើកសរសើរតែតារារៀមច្បងដូចជាអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត​ និង រាជិនីសម្លេងរៃមាសកណ្ដឹង រស់ សេរីសុទ្ធា តែប៉ុណ្ណោះ។

ការលើកសរសើរដោយភ្ជាប់ជាមួយបទចម្រៀងលោក សយ រតនា នេះ អ្នកនាងបានបញ្ជាក់ឱ្យដឹងថា៖ រីករាយជាមួយបទចម្រៀងរបស់អាយដូលខ្ញុំ​ សយ​ រតនា​ ជាមួយតារាចម្រៀងខ្មែរសុរិន្ទ​ មន្តត្រា ឆ្លើយទៅកាន់រៀមច្បងពេញដោយអារម្មណ៍រំភើបលោក សយ រតនា ក៏បានតបវិញឱ្យដឹងថា៖ បងស្រីហៅប្អូនសុទ្ធតែIdol រំភើបណាស់! អរគុណបងសម្លាញ់!

គួរបញ្ជាក់ថា ក្រោយពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញតារារូបនេះឱ្យចូលខ្លួនបកស្រាយពីរឿងច្រៀងនិងនិពន្ធបទ អ្នកព្រៃវែងអាក្រក់ត្រង់ណា?រួចមក ឃើញថាកេរ្តិ៍ឈ្មោះតារាថ្មោងថ្មីរូបនេះកាន់តែលេចធ្លោមិនធម្មតា ជាពិសេសគ្រប់បទចម្រៀងដែលលោកច្រៀងអបអរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះសុទ្ធតែទទួលការគាំទ្រខ្លាំងៗតែម្ដង៕

ដោយ៖ ភូមិន្ទ