ភ្លៀង​កក់ខែ​នៅ​កម្ពុជា នឹង​ត្រូវអូស​បន្លាយ​ដល់​ថ្ងៃទី​៥​មេសា

(ភ្នំពេញ)៖ កម្ពុជា នឹង​បន្ត​មាន​ភ្លៀង​កក់ខែ​រហូត​ដល់​ថ្ងៃទី៥ ខែមេសា ឆ្នាំ​២០១៩​ ដោយសារ​ឥទ្ធិពល​សម្ពាធ​ទាប​ពី​ទិស​ខាងលិច​ និង​ពាយព្យ​ប្រសព្វ​ជាមួយនឹង​ជ្រលង​សម្ពាធ​ខ្ពស់​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​របស់​កម្ពុជា។ នេះបើតាម​ការ​ឱ្យដឹងពី​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១​ ខែ​មេសា​ ឆ្នាំ​២០១៩។​

​ស្ថានភាព​ភ្លៀង​កើតចេញពី​បាតុភូត​ខាងលើនេះ ត្រូវបាន​លោក​ ចាន់ យុ​ត្ថា ​បញ្ជាក់ថា​ មាន​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន​។​ ជាពិសេស​នៅ​បណ្តា​ខេត្ត​តំបន់​ទំនាប​កណ្តាល ​ភាគ​ពាយព្យ​ និង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង ដោយនៅ​កន្លែង​ខ្លះ​មាន​កម្រិត​ជិត​ ១០០​មី​លី​ម៉ែត្រ និង ក្នុង​ខេត្ត​ខ្លះ​មាន​ភ្លៀង​ជាប់​គ្នា​ពីរ​បី​ថ្ងៃ។
លោក​បន្ត​ថា ស្ថានភាព​ភ្លៀង​បែបនេះ ​នៅ​បន្ត​កើតមាន​បី​បួន​ថ្ងៃ​ទៀត។ ភ្លៀង​ធ្លាក់​ជាប់​គ្នា​ប៉ុន្មាន​ថ្ងៃ​មកនេះ​ បានធ្វើ​ឲ្យ​មាន​ភាព​ធូរស្រាល​ច្រើន​លើ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ នៅ​តំបន់​ភាគ​ពាយព្យ​ និង​ភាគ​ខាងជើង​របស់​កម្ពុជា ។ ទោះជា​យ៉ាងណា​ការងារ​អន្តរាគមន៍​ទឹក​ប្រើប្រាស់​នៅ​មិនទាន់​ដកថយ​នៅឡើយ​ទេ​។

ទោះបីជា​ពេលនេះ ​មាន​ភ្លៀង​ធ្លាក់​មកជា​បន្តបន្ទាប់​នៅ​ភាគ​ខាងជើង​ហើយ​យ៉ាងណាក៏ដោយ​ តែ​ភាគខាងត្បូង​ទើប​តែមាន​ភ្លៀង​ធ្លាក់​តិចតួច ​ហើយ​ប្រទេស​កម្ពុជា​នៅតែ​ស្ថិតក្រោម​ឥទ្ធិពល​(​ប្រយោល​)​ អែ​នី​ណូ​ ដែល​ធ្វើ​ឲ្យ​រដូវវស្សា​ចូលមក​ដល់​យឺត​ជាង​ពេល​ធម្មតា​ជាង​ពីរ​សប្តាហ៍​ដូច​ការ​ព្យាករ​ដដែល​៕