សមត្ថកិច្ចព័ទ្ធចាប់អ្នកញៀនល្បែងស៊ីសងតាមផ្ទះ និងនៅតាមរោងចំការ​ រត់បាសជើងសព្រាត

(កំពង់ឆ្នាំង)៖ សមត្ថកិច្ចព័ទ្ធចាប់ក្រុមអ្នកញៀនល្បែងស៊ីសងនៅតាមផ្ទះ និងតាមរោងចម្ការរត់បាសជើងសព្រាតពេញវាល ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ។

ករណីបង្ក្រាបក្រុមអ្នកញៀនល្បែងស៊ីសងខាងលើនេះ គឺបានធ្វើឡើងនៅរសៀលថ្ងៃទី១៤កញ្ញា២០២០នេះ នគរបាលក្រុងកំពង់ឆ្នាំងបានព័ទ្ធចាប់ ក្រុមអ្នកញៀនល្បែងស៊ីសង ២ទីតាំង (ទីតាំងរោងចំការ មាត់ទន្លេ ក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង និងមួយកន្លែងទៀត នៅផ្ទះក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង )។

នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបក្រុមអ្នកញៀនល្បែងស៊ីសងខាងលើនេះទេ ជាលទ្ធផលសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឃាត់ខ្លួនក្រុមអ្នកលេងញៀនល្បែងស៊ីសង៤នាក់ ដកហូតបៀរ២ហ៊ូរ កម្រាល២ លុយ១៥០០០រៀល ម៉ូតូ៦គ្រឿងផងដែរ ។

ករណីខាងលើនេះសមត្ថកិច្ច បានធ្វើការអប់រំនិងធ្វើកិច្ចសន្យា ទាំង៤នាក់ អោយបញ្ឍប់ការលេងល្បែងស៊ីសងបន្តទៀត ហើយអោយត្រឡប់ទៅផ្ទះវិញ ចំណែកម៉ូតូ៤គ្រឿងដែលម្ចាស់រត់ចោលចូលខ្លួនមកដោះស្រាយ អោយមកទទួលយកការអប់រំ និងកិច្ចសន្យាបញ្ឈប់ ហើយនិងប្រគល់អោយម្ចាស់យកត្រឡប់ទៅផ្ទះវិញផងដែរ៕ ដោយ សុក្ខារិន (យុទ្ធ)