រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តចំនួន៦ នៅខេត្តស្វាយរៀង

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ រួមដំណើរដោយ ឯកឧត្តម ម៉ក់ សារុន អគ្គបញ្ជាការរង នៃអគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ ដឹកនាំនិងមន្រ្តីរាជការក្រសួង អញ្ជើញចូលរួមកាន់វេនបិណ្ឌទី១២ នៅវត្តចំនួន៦ ដែលមានទីតាំង នៅក្នុងឃុំគគីសោម ឃុំស្វាយរំពារ និងឃុំព្រៃតាអី នៃស្រុកស្វាយទាប។

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២០នេះ លោកជំទាវ បណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ រួមដំណើរដោយ លោក ម៉ក់ សារុន អគ្គបញ្ជាការរង នៃអគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ ដឹកនាំ មន្រ្តីរាជការក្រសួង និងកងយុទ្ធពលខេមរៈភូមិន្ទ បានអញ្ជើញចូលរួមកាន់វេនបិណ្ឌទី១២ នៅវត្តនៅវត្តចំនួន៦ គឺ១.វត្តអង្គស្វាយ,២. វត្តឈើទាល,៣. វត្តព្រៃតាអី៤. វត្តទទឺម, ៥.វត្តឧត្តមគីរី និង ៦.វត្តសង្គមរតនារាម ដែលមានទីតាំងនៅក្នុងឃុំគគីសោម ឃុំស្វាយរំពារ និងឃុំព្រៃតាអី នៃស្រុកស្វាយទាប ខេត្តស្វាយរៀង។

នៅក្នុងឱកាសនោះ លោក ជំទាវបណ្ឌិតសភាចារ្យ និង លោក ម៉ក់ សារុន បានប្រគេនទេយ្យវត្ថុ ព្រមទាំងបច្ច័យចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ព្រមទាំងបានឧទ្ទិសនូវកងការមហាមហាកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន,ដួងវិញ្ញាណក្ខន្ធបុព្វបុរសអ្នកស្នេហាជាតិ និងវីរៈយុទ្ធជន -យុទ្ធនារី ដែលបានបូជាជីវិតលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងទឹកដីកម្ពុជានាពេលកន្លងមកសូមបានទៅ កាន់ទីឋានបរមសុខផងដែរ ៕ ( ដោយ៖ ពិជ័យបុត្រ)