តារាសម្ដែង Oh In Hye ធ្វើអត្តឃាតក្នុងវ័យ ៣៦ ឆ្នាំ

តារាសម្ដែងស៊ិចស៊ីដ៏ល្បីល្បាញប្រចាំប្រទេសកូរ៉េខាងត្បូងអ្នកនាង Oh In Hye បានធ្វើអត្តឃាត និងទទួលមរណភាពនៅមន្ទីរពេទ្យកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០។ នេះបើតាមសារព័ត៌មានល្បីៗរបស់ប្រទេសកូរ៉េបានចុះផ្សាយ។

យោងតាមសម្ដីមិត្តភក្ដិរបស់នាងដែលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្នុងប្រទេសកូរ៉េបានឱ្យដឹងថា គេបានរកឃើញនាងដេកសន្លប់នៅក្នុងផ្ទះរបស់នាង រួចក៏ព្យាយាមបញ្ជូននាងទៅមន្ទីរពេទ្យពីព្រោះជីពចររបស់នាងនៅដើរនៅឡើយ។ ប៉ុន្តែជាអកុសលនាងក៏ទទួលមរណភាពនៅឯមន្ទីរពេទ្យតែម្ដង។

តាមព័ត៌មានបឋមពីកម្លាំងសមត្ថកិច្ចបានឱ្យដឹងថា នាងធ្វើអត្តឃាត ប៉ុន្តែប្រភពព័ត៌មានមិនបានបង្ហាញថានាងប្រើវិធីសាស្រ្តអ្វីនោះឡើយ។ ចំពោះមូលហេតុនៃការធ្វើអត្តឃាតនេះ ប៉ូលិសកំពុងតែធ្វើការស្រាវជ្រាវបន្ដ៕

ដោយ៖ ភូមិន្ទ