មេបញ្ជាការទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានយោធសិក្សានៃព្រះរាជាណាចក្រថៃដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាលធនធានកងទ័ពកម្ពុជា

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក
បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯក ណាថាផុនស្រ៊ីស្វាសឌី(NATHPHON SRISWASDI) នៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៩ នៅនៅព្រះរាជាណាចក្រថៃឡង់។
គោលបំណងនៃជំនួបពិភាក្សាការងាររវាងភាគីទាំងពីរ គឺដើម្បីបង្កើនការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងអគ្គនាយកដ្ឋានយោធសិក្សានៃព្រះរាជាណាចក្រថៃឡង់ និងបញ្ជាកាដ្ឋានកងទ័ពជើងគោកកម្ពុជាក្នុងការបណ្ដុះបណ្ដាលបង្កើនសមត្ថភាពកងទ័ពកម្ពុជា។

ឧត្តមសេនីយ៍ឯក ណាថាផុនស្រ៊ីស្វាសឌី (NATHPHON SRISWASDI) បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងមានចិត្តសប្បាយរីករាយដែលបានទទួល ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។ អគ្គនាយកយោធសិក្សារូបនេះ បានបញ្ជាក់ថា ភាគីថៃរីករាយនៅក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៅក្នុងការបណ្ដុះបណ្ដាលកងទ័ពកម្ពុជា។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងកងទ័ពនៃព្រះរាជាណាចក្រថៃឡង់ ជាពិសេសអគ្គនាយកដ្ឋានយោធសិក្សានៃព្រះរាជាណាចក្រថៃឡង់
និងយោធាចារ្យទាំងអស់ដែលមានយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការល្អនៅក្នុងការបណ្ដុះបណ្ដាលធនធានកងទ័ពកម្ពុជា។