ផ្លាស់ប្តូរស្នងការនគរបាលខេត្តពោធិសាត់ជាផ្លូវការហើយ

(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្ទេរតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះ ។

យោងប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២០ ត្រូវបានផ្ទេរភារកិច្ចតែងតាំង លោកឧត្តមសេនីយ៍ទោ ស ថេង ពីអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មកជាស្នងការនគរបាលខេត្តពោធិសាត់ ជំនួសលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ដែលត្រូវបានដាក់អោយចូលនិវត្តន៍។

សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍។

លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

សូមជម្រាបថា នាពេលកន្លងមកថ្មីៗនេះ ស្នងការនគរបាលខេត្តមួយចំនួនត្រូវបានផ្លាស់ប្តូរមានដូចជា ស្នងការនគរបាលខេត្តឧត្ករមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ និងខេត្តពោធិសាត់ ៕ ដោយ សុក្ខារិន (យុទ្ធ)