ឃាត់ក្មេងប្រុសម្នាក់លួចកាបូបលុយអ្នកលក់សាច់ជ្រូកនៅផ្សារតាខ្មៅចាស់

(កណ្តាល) ៖ ក្មេងតូចម្នាក់ត្រូវបានប៉ូលិស ក្រុងតាខ្មៅឃាត់ខ្លួនក្នុងករណីលួចកាបូប កាលពីថ្ងៃទី១៤ខែ កញ្ញាឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី នៅចំណុចផ្សារតាខ្មៅចាស់ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា ជនរងគ្រោះមិនស្គាល់ឈ្មោះភេទស្រី អាយុ៤០ឆ្នាំ មិនស្គាល់ទីលំនៅ មុខរបរលក់សាច់ជ្រូកក្នុងផ្សារតាខ្មៅចាស់(មិនបានដាក់ពាក្យបណ្តឹង)។ចំណែកជនសង្ស័យឈ្មោះសងសំណាង ភេទប្រុស ជនជាតិខ្មែរ អាយុ១៥ឆ្នាំ (ឆ្នាំកំណើត០៩/០៩/២០០៥)ទីលំនៅភូមិដើមចាន់សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ,មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

ប៉ូលិសបន្តថា កាលពីវេលាកើតហេតុខាងលើ នៅពេលជនរងគ្រោះរវល់ជាប់លក់សាច់ជ្រូក ក៏ស្រាប់តែជនសង្ស័យខាងលើបានទៅបន្លំហើយលួចកាបូបលុយនោះរួចរត់គេចខ្លួនមកដល់គល់ស្ពានជប៉ុនមាត់ស្ទឹងតាខ្មៅ តែត្រូវជនរងគ្រោះរត់ដេញតាមទាន់ហើយយកកាបូបលុយនោះវិញបាត់ទៅដោយមិនបានមកដាក់ពាក្យបណ្តឹងនៅកន្លែងសមត្ថកិច្ចឡើយ។ក្រោយកើតហេតុក៏ត្រូវកម្លាំងប៉ូលិសប៉ុស្តិ៍ដើមមៀនចុះអន្តរាគមន៍ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។

តាមការសាកសួរជនសង្ស័យធ្លាប់ធ្វើសកម្មភាព២ដងរួចមកហើយ ដោយលើកទី១នៅថ្ងៃទី១៦សីហាឆ្នាំ២០២០ នៅចំណុចផ្សារកាច់ជ្រុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ លួចបានកាបូបលុយមួយតែម្ចាស់គេទាន់យកទៅវិញបាត់ទៅហើយមិនបានប្តឹងឡើយ ដោយយល់ថា នៅក្មេងតូចមិនទាន់គ្រប់អាយុ និង លើកទី២នេះក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តងទៅ៕ ដោយ ភាវុន (យុទ្ធ)