សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម យកអំណោយចែកជូនសិល្បករ-សិល្បការិនីចាស់ជរា ជាង១០០នាក់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ដែលជាថ្ងៃកាន់បិណ្ឌ ទី១២ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម សហការជាមួយអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាពលោកស្រី នេត្រ ភូម៉ារី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា បានរៀបចំពិធីចែកអំណោយ ជូនដល់សិល្បករចាស់ជរា ចំនួន១២០នាក់ ដែលជាថវិកា «មូលនិធិសិល្បករចាស់ជរា» និងការចូលរួមពីសំណាក់សប្បុរសជន នៅវត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមដែលមានលោក ហេង ឡុង ជាប្រធាន បានដឹកនាំក្រុមសិល្បករ-សិល្បការិនីជាច្រើនទៅចូលរួមចែកអំណោយជូនទៅដល់សិល្បករចាស់ជរា ប្រមាណ១២០នាក់ ដែលមានថវិកាគ្រឿងឧបភោគ-បរិភោគមួយចំនួន ដើម្បីជាការដឹងគុណទៅដល់សិល្បករចាស់ជរា ។

អំណោយទាំងអស់នេះ គឺបានមកពីបណ្តាលសប្បុរសជនជាច្រើន ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ និងសប្បុរសជនផ្សេងទៀត ដែលបានឧបត្ថម្ភថវិកា ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា៕ (ដោយ៖ ពិជ័យបុត្រ)