LG Wing ទូរសព្ទដែល​មាន​អេក្រង់អាចបង្វិលបាន ពេល​នេះត្រូវបានប្រកាសចេញជាផ្លូវការ ដោយ​ប្រើ​បន្ទះឈីប Snapdragon 765G

ក្រុមហ៊ុន LG កំពុងបើកទំព័រថ្មីនៅក្នុងប្រវត្តិស្មាតហ្វូនរបស់ខ្លួនជាមួយទូរសព្ទដែល​អាច​បង្វិល​អេក្រង់​បាន​គឺ LG Wing 5G។ ក្រុមហ៊ុនមានអារម្មណ៍ថាការរចនាស្មាតហ្វូននាពេលបច្ចុប្បន្ននេះគឺនៅទ្រឹង ដូច្នេះ​ជាការតបស្នងយើងបានឃើញទូរស័ព្ទដែលមានអេក្រង់ពីរ ប៉ុន្តែ​ខុសពីរទូរសព្ទ​ផ្សេង​ ដោយ​វា​នឹង​បង្វិល​ចេញ​ជា​អក្សរ T។

អេក្រង់ខាងក្រៅរបស់ម៉ូឌែល LG Wing គឺមានទំហំ 6.8 ជាប្រភេទ OLED ទំហំ 6.8 អ៊ីញ ហើយនៅពេលយើងបង្វិលវា 90 ដឺក្រេទៅលើ នោះនឹងចេញអេក្រង់នៅខាងក្នុងមួយទៀត ដែលមានទំហំប្រមាណ 3.9 អ៊ីញ ទុកសម្រាប់ធ្វើជាកន្លែងបញ្ជា ផ្ទៃអេក្រង់នៅពីខាងលើ ជាមួយមុខងារច្រើនគួរសម។ ឧបករណ៍ថា យើងអាចបើកបង្ហាញកម្មវិធីកាមេរ៉ា នៅផ្ទៃអេក្រង់ខាងលើជាលក្ខណៈ Viewfinder ហើយប្រើប្រាស់អេក្រង់តូចនៅខាងក្រោម ដើម្បីបញ្ជាចុចថត ឬកំណត់អ្វីមួយបានភ្លាម។ លើសពីនេះទៅទៀត វាត្រូវបានក្រុមហ៊ុន LG ហៅវាថា Swivel Mode ហើយវាក៏អាចប្រើប្រាស់ អេក្រង់តូចនៅខាងក្រោម ធ្វើជាដៃបញ្ជាលេងហ្គេម និងដាក់បង្ហាញហ្គេមទាំងនោះ នៅលើអេក្រង់ធំខាងលើបាន ឬប្រើប្រាស់កម្មវិធីចំនួន 2 ក្នុងពេលតែមួយជាដើម។

ចំពោះផ្នែកកម្លាំងម៉ាស៊ីនវិញ យើងឃើញមានប្រើប្រាស់ឈីប Snapdragon 765G ដែលអាចគាំទ្របច្ចេកវិទ្យា 5G បាន ក៏ដូចជាមានរ៉េមទំហំ 8GB + អង្គផ្ទុកទិន្នន័យទំហំ 256GB ជាមួយថាមពលថ្មទំហំ 4,000mAh, កន្លែងស្កេនម្រាមដៃលើអេក្រង់ និងអាចសាកថ្មឥតខ្សែ។ ផ្នែកខ្នងខាងក្រោយរបស់វា មានបំពាក់នូវកាមេរ៉ាចំនួន 3 គ្រាប់ដូចជា កាមេរ៉ាដើមទំហំ 64MP + លេនទូលាយធម្មតា Ultrawide ទំហំ 13MP + លេនទូលាយប្រភេទ “Gimbal Mode” ទំហំ 12MP សម្រាប់ប្រើប្រាស់នៅពេលបើក Swivel Mode ប៉ុណ្ណោះ។ វាក៏មានកាមេរ៉ាខាងមុខទំហំ 16MP ជាប្រភេទផុសឡើងចេញពីតួខ្លួនទូរសព្ទតែម្ដង។

LG គ្រោង​នឹង​ដាក់​លក់ទូរសព្ទឆ្លាតអេក្រង់បង្វិលរបស់ខ្លួន នៅឯសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនទាន់បង្ហើបប្រាប់ឲ្យដឹងពី តម្លៃដាក់លក់ជាផ្លូវការរបស់ខ្លួននៅឡើយនោះទេ។

ដោយ៖ Vireak