ប្តីតាមទាន់ ប្រពន្ធនាំប្រុសសហាយចូលផ្ទះសំណាក់ តែខាងស្រីថារ៉ាប់អានគ្នាធម្មតាប៉ុណ្ណោះ

(ភ្នំពេញ)៖ នាវេលាម៉ោងប្រមាណជា១១ កណ្ដាលអធ្រាត្រ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ មានករណីហេតុការណ៍ផ្អើលឆោឡោមួយ ដោយមាននារីវ័យ២៧ឆ្នាំម្នាក់ ត្រូវបានប្ដីរបស់ខ្លួនតាមទាន់លួចមានប្រុសថ្មី ខណៈដែលកំពុងតែរួមរ័ក្សនៅក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង តាមបណ្ដោយផ្លូវ លេខ៦៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមការអះអាងរបស់បុរសជាប្ដីបានឱ្យដឹងថា ប្រពន្ធរបស់គាត់បានគេចចេញពីផ្ទះនៅឯខេត្តបន្ទាយមានជ័យ នាំប្រុសសហាយមករួមរ័ក្សគ្នានៅឯ ភ្នំពេញរយ:ពេល២ថ្ងៃមកហើយ ដែលខ្លួនក៏បានឡើងមកពីខេត្តបន្ទាយមានជ័យតាំងពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ហៅទាំងអ្នកសារព័ត៌មាន ដើម្បីជួយតាមដានចង់ដឹងឱ្យបានច្បាស់ ប៉ុន្តែចាប់មិនបានឡើយ។ ទើបតែតាមទាន់ជាន់កែងច្បាស់នឹងភ្នែក គឺតាមទាន់កំពុងនៅលើគ្រែជាមួយគ្នា ក្នុងផ្ទះសំណាក់មួយកន្លែងតែម្ដង ប៉ុន្តែបុរសជាប្ដីមិនក្រោធខឹងអ្វីនោះឡើយ គ្រាន់តែចង់បានភស្តុតាងឲ្យជាក់ស្ដែង ដើម្បីធ្វើការលែងលះគ្នាដាច់ស្រេចតែប៉ុណ្ណោះ ព្រោះថាបើគិតអំពីការឈឺចាប់វិញ គឺឈឺចាប់ឡើងឆ្អែតទៅហើយ ឈឺចាប់តាំងពីមិនទាន់ចេះផឹកស្រា រហូតដល់ចេះផឹកស្រាលែងស្រវឹងទៀត ។

បុរសជាប្ដីបន្ដរៀបរាប់ទៀតថា ប្រពន្ធរបស់ខ្លួន មានឈ្មោះ សម្ផស្ស បានលួចទំនាក់ទំនងជាមួយប្រុសសាហាយស្មន់ជាច្រើនខែមកហើយ គឺលួចឆាតសាសងគ្នាតាមហ្វេសប៊ុក និងតាមតេឡេក្រាម ប៉ុន្តែគាត់មិនដែលចាប់បានភស្ដុតាងជាក់ស្ដែងទេ ទើបតែលើកនេះ ប្រពន្ធបានរៀបចំផែនការមួយ គឺយកលេសថា យកម្ដាយមកព្យាបាលជំងឺនៅឯភ្នំពេញ និងថែមទាំងបាននាំកូនស្រីតូចអាយុ ៤ឆ្នាំ មកជាមួយផងដែរ ហើយក៏ឆ្លៀតទៅជួបប្រុសសាហាយតែម្ដង ។

ទោះបីជាបុរសជាប្ដីតាមទាន់ជាក់ស្ដែងនឹងភ្នែក ឃើញកំពុងតែនៅលើគ្រែជាមួយគ្នាយ៉ាងនេះក្ដី តែនារីជាប្រពន្ធនៅតែប្រកែកញ៉ាញនិងអះអាងថាខ្លួនមិនបានធ្វើអ្វីផ្ដេសផ្ដាសឡើយ គឺគ្រាន់តែជាការរាប់អានគ្នាធម្មតាជាមួយបុរសនោះតែប៉ុណ្ណោះ៕ ដោយ៖ Micheal