ទីបំផុត! លីន សោម៉ា ចេញបទចម្រៀង Original ផ្ទាល់ខ្លួនហើយ…

យុវតី លីន សោម៉ា បេក្ខភាពឆ្នើមក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកល្បីៗ ទីបំផុតបានចេញបទចម្រៀង Original ផ្ទាល់ខ្លួនហើយ គឺជាបទចម្រៀងដែលផលិតដោយផលិតកម្ម Avatar បន្ទាប់ពីនាងក្រាញននៀលក្នុងវិស័យនេះអស់រយៈពេលជាច្រើនឆ្នាំ។

យោងតាមការបញ្ជាក់របស់លោក សយ រតនា ជាតារាចម្រៀងនិងជាម្ចាស់ផលិតកម្ម Avatar ដែលទើបនឹងបើកដំណើរការថ្មោងថ្មីបានឱ្យដឹងថា លោកទើបនឹងបើកដំណើរការផលិតកម្មនេះ ហើយតារាជាផ្លូវការដំបូងគឺកញ្ញា លីន សោម៉ា។ តាមការបញ្ជាក់របស់ម្ចាស់ផលិតកម្មរូបនេះ លីន សោម៉ា ​នឹងចេញបទចម្រៀងឆាប់ៗនេះហើយ មានចំណងជើងថា “ព្រហ្មចារី” ដោយជាជំហានដំបូងនេះតារាចម្រៀងស្រីវ័យក្មេងរូបនេះ ចូលច្រៀងជាតារាកិត្តិយស ដោយពុំទាន់ចុះកុងត្រាជាផ្លូវការអ្វីនោះឡើយ។

គួរបញ្ជាក់ថា លីន សោម៉ា គឺជាអតីតម្ចាស់ពានក្នុងវិធី “ផ្កាយរះក្នុងសួន” ។ ក្រោយមកនាងក៏លេចធ្លោជាថ្មីក្នុងវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក “Cambodian Idol រដូវកាលទី ៣” ។ ក្រោយពីគ្មានឱកាសទទួលពាន ក្មេងស្រីរូបនេះក៏ចូលរួមប្រកួតក្នុងវិធី “អ្នកចម្រៀងកំបាំងមុខកម្ពុជា” សាជាថ្មី ហើយនៅតែរក្សាភាពលេចធ្លោរហូតដល់វគ្គផ្ដាត់ព្រាត់ដដែល ប៉ុន្តែពានរង្វាន់បែរជារបូតទៅលើដៃ ចំរើន សុភ័ក្រ្ត ទៅវិញ៕

ដោយ៖ ភូមិន្ទ