ដូណាល់ ត្រាំថា បើអ៊ីរ៉ង់ហ៊ានសងសឹកម្តង អាម៉េរិចនឹងជូនវិញ១ពាន់ដង

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Sputnik នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានចុះផ្សាយថា លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីអាមេរិក បានព្រមាននឹងវាយប្រហារបកទៅលើអ៉ីរ៉ង់វិញ ប្រសិនបើប្រទេសនេះ ហ៊ានធ្វើការវាយប្រហារណាមួយមកលើទឹកដីសហរដ្ឋអាមេរិក។

គួរបញ្ជាកក់ផងដែរថា ការចេញសារព្រមានដូច្នេះរបស់ប្រធានាធិបតីខាងលើ បានធ្វើឡើងនៅក្នុងសារមួយបង្ហោះលើ Twitter នាថ្ងៃអង្គារនេះ ក្រោយពីសារព័ត៌មានអាមេរិក Politico កាលពីថ្ងៃអាទិត្យកន្លងទៅបានរាយការណ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីរ៉ង់ កំពុងរៀបចំផែនការធ្វើឃាតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសអាហ្វ្រិកខាងត្បូង គឺលោកស្រី ឡាណា ម៉ាកស៍ (Lana Marks) ជាការសងសឹកឱ្យវិញ្ញាណក្ខន្ធអតីតមេទ័ពកំពូលអ៉ីរ៉ង់ លោក កាសេម សូឡៃមេនី (Qassem Soleimani) ដែលត្រូវបានលោក ត្រាំ បញ្ជាយន្ដហោះដ្រូនឲ្យផ្ដាច់ជីវិតកាលពីខែមករា ដើមឆ្នាំ២០២០។

លោក ត្រាំ បានគូសបញ្ជាក់នៅក្នុងសារតាម Twitter យ៉ាងដូច្នេះថា «រាល់ការវាយប្រហាររបស់អ៉ីរ៉ង់ គ្រប់ទម្រង់ទាំងអស់ប្រឆាំងនឹងសហរដ្ឋអាមេរិក នឹងត្រូវទទួលរងការវាយប្រហារបកត្រឡប់ទៅវិញ ១,០០០ដងក្នុងទំហំដ៏ធំសម្បើម»។

បើតាមសារព័ត៌មាន Politico ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីរដ្ឋាភិបាលអាមេរិកម្នាក់ ០២រូប ដែលបានមើលឃើញ និងបានដឹងពីរបាយការណ៍សម្ងាត់នេះ ប្រសិនបើផែនការសម្លាប់លោកស្រី Lana Marks ត្រូវបានអនុវត្តតាមការគ្រោងទុក ឬបានសម្រេចនោះ វាអាចនឹងបង្កឱ្យសង្រ្គាមរវាងអាមេរិក និងអ៉ីរ៉ង់ផ្ទុះឡើងក៏ថាបាន៕ ដោយ៖ Micheal