កម្សត់ណាស់! ស្ដាប់ ខេម រៀបរាប់ពីព្រហ្មវិហារធម៌ឪពុកនាឱកាសភ្ជុំបិណ្ឌបន្ដិចមើល៌…

ក្រៅពីជាតារាដែលមានអតីតជាអ្នកក្រីក្រលំបាកហើយនោះ តារាចម្រៀងសំនៀងស្អក ខេម ក៏ត្រូវបានគេដឹងថាជាកូនកំព្រាឪពុកម្នាក់ផងដែរ។ រដូវភ្ជុំបិណ្ឌ ជារដូវនៃការជួបជុំបងប្អូនញាតិមិត្ត ដូច្នេះ អ្នកដែលធ្លាប់បាត់បង់ញាតិមិត្តជិតឆ្ងាយរែងអីមិននឹករឭកស្រណោះស្រណោកគ្នានោះ។

(ផ្នូរឪពុករបស់តារាចម្រៀង ខេម និងសាច់ញាតិរបស់លោក) 

ហេតុនេះហើយទើបក្នុងឱកាសនៃបុណ្យភ្ជុំបិណ្ឌនេះ តារាចម្រៀង ខេម បានលើកពីព្រហ្មវិហារធម៌របស់ឪពុកខ្លួនមករៀបរាប់ឱ្យដឹងថា៖ “ដ្បិតថាពុកទៅចោលពួកយើងច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែពាក្យសំដីប្រៀនប្រដៅនិងស្នាមញញឹមរបស់ពុកនៅតែស្ថិតនៅជាមួយពួកយើងរៀងរាល់ថ្ងៃ ប៉ុន្តែស្តាយណាស់ពុកមិនបានឃើញកូនកូនមានឱកាសដូចសព្វថ្ងៃ កាលពីតូច កូនបន្ទោសខ្លួនឯងថាហេតុអ្វីកើតមកចំគ្រួសារក្រ ប៉ុន្តែពេលនេះទើបកូនកូនដឹងថាពុកគឺជាមនុស្សប្រុសដ៏អស្ចារ្យម្នាក់ជាងគេសម្រាប់យើងខ្ញុំ ពីព្រោះកំណើតដែលពុកផ្តល់ឱ្យយើងខ្ញុំគ្រប់គ្នានេះវាមានន័យនិងមានតម្លៃលើសទ្រព្យសម្បត្តិទៅទៀត ។ សង្ឃឹមថាពុកនិងមើលកូនកូនពីស្ថានសួគ៌ហើយញញឹមនិងភាពជោគជ័យរបស់កូនគ្រប់គ្នា”

គួរបញ្ជាក់ឱ្យដឹងថា លោក ខេម មានឈ្មោះក្នុងបញ្ជីជាតិថា ប៉ុន សុណារិន ជា​កូន​ពៅ​នៅ​ក្នុង​ក្រុម​គ្រួសារ ​ដែល​មាន​បង​ប្អូន​ពីរ​នាក់ ប្រុស​មួយ​ និង ​ស្រី​មួយ។ បង​ស្រី​របស់​លោក​មាន​ឈ្មោះ ប៉ុន សុណារី ជា​អ្នក​កាន់​សាសនា​គ្រិស្ត​មួយ​រូប។ តារា​រូប​នេះ​ កើត​នៅ​ថ្ងៃ​ទី ១៥ ឧសភា ឆ្នាំ ​១៩៨៥ ក្នុង​ខេត្ត​ កំពង់​ឆ្នាំង។ ឪពុក​របស់​លោក ​មាន​ឈ្មោះ សេង ធក់ ជា​អតីត​មន្ត្រី​យោធា​មួយ​រូប (ស្លាប់) និង ​មាន​ម្ដាយ​ឈ្មោះ ឡាយ សីម៉ាលី ជា​ស្ត្រី​មេ​ផ្ទះ៕

ដោយ៖ ភូមិន្ទ