ប៉ូលិសចាប់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូអ្នករកស៊ីដាក់ប៉េងគប់ប៉ោង នៅស្រុកអង្គរធំ

(សៀមរាប)៖ កម្លាំងនគរបាលចំនួន២ស្រុក សហការគ្នា តាមចាប់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាព លួចម៉ូតូអ្នករកស៊ីដាក់ប៉េងគប់ប៉ោង កំពុងដេកលក់ក្នុងវត្ត។ហេតុការណ៍ដេញចាប់ជនសង្ស័យនេះធ្វើឡើនៅវេលាម៉ោង៤និង០០នាទី ទាបភ្លឺឈានចូលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២០នៅចំនុច ផ្លូវក្រហម ភូមិតាកាំ ឃុំដូនកែវ ស្រុកពួក។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នគរបាលស្រុកអង្គរធំ សហការជាមួយ នគរបាលស្រុកពួក បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូអ្នករកស៊ីដាក់ប៉េងគប់ប៉ោង។

លោកបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះមានឈ្មោះខៀវ ខន ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិគោកកក់ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ ករណីនេះលួចម៉ូតូនេះកើតឡើងនៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២០ចំនុចវត្តស្លាតរំជ័យ ស្ថិតនៅភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ម៉ូតូម៉ាក សុយសាគីស្មាស់ ពណ៌ក្រហមលាយខ្មៅ សេរីឆ្នាំ២០១២ លេខតួលេខម៉ាស៊ីន ១០៧៩២០ គ្មានផ្លាកលេខ។

លោកបន្តថា នៅថ្ងៃទី ១៤ខែកញ្ញាឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ អៀម ឡូញ ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ល្វា ឃុំគោកវត្ត ស្រុកវ៉ារិន ខេត្តសៀមរាប មុខរបរ អ្នកដាក់ប៉េងប៉ោងគប់នៅចំនុចកើតហេតុខាងលើ វេលាម៉ោង២២និង០០នាទីក៏រៀបចំបិទរោងនិងចូលសំរាកនៅក្នុងនោះ ដោយ ទុកម៉ូតូនៅក្រៅរោងនិង ពុំបានដកសោរទុកនោះទេ។ នៅវេលាម៉ោង៣និង០០នាទី ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២០ ជនសង្ស័យបានដើរកាត់ទីនោះឃើញម៉ូតូនៅខាងក្រៅនិងមានសោរស្រាប់ក៏ចូលទៅលួចយកជិះបម្រុងទៅលក់នៅស្រុកពួក ហើយពេលម្ចាស់ភ្ញាក់ឡើងមិនឃើញម៉ូតូក៏បានរាយកាណ៍មកសមត្ថកិច្ច ហើយភ្លាមៗនោះកម្លាំងក៏បានសហការកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក ឃាត់ខ្លួនជនសង្ស័យបាននៅចំនុច ផ្លូវក្រហម ភូមិតាកាំ ឃុំដូនកែវ ស្រុកពួក។

លោកបញ្ជាក់ថា ក្រោយសួរនាំជនសង្ស័យខាងលើមកសាកសួរ គេបានសារភាពថាខ្លួនពិតជាបានលួចម៉ូតូដែលមានភិនភាគដូចខាងលើពិតប្រាកដមែន ហើយសមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀន លទ្ធផលអវិជ្ជមាន។ចំពោះម៉ូតូសមត្ថកិច្ចបាន ប្រគល់ទៅម្ចស់ដើមវិញ។ ចំណែកជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ បន្ទាយក្តី (យុទ្ធ)